ខេត្តកណ្តាល ៖ នារីម្នាក់បែកពពុះមាត់ផុតដង្ហើមនៅក្នុងបន្ទប់ និងជនរងគ្រោះជាមនុស្សប្រុសម្នាក់ទៀត មានអាការៈពុលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈនៅក្បែរជនរងគ្រោះគេរកឃើញ សំបកថ្នាំ TRAUIC ប្រើអស់ចំនួន៤បន្ទះ សំបកប្រអប់២ និងសំបកថ្នាំ Laroxyl មាន១បន្ទះ ប្រើអស់៣០គ្រាប់ MIRAL GINE អស់១៨គ្រាប់ TRAVIC អស់៣៩គ្រាប់ ជាហេតុគេដាក់ការសង្ស័យថា បានប្រើប្រាស់ថ្នាំប្រភេទនេះលើសកម្រិត ក្នុងចេតនាសម្លាប់ខ្លួន ។
តាមព័ត៌មានអោយដឹងថា ហេតុការណ៍នេះកើតឡើងនៅចំណុចបន្ទប់លេខ A101 ផ្ទះសំណាក់យីហោ សុខា សម្បត្តិ ផ្លូវ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង១៥និង១០នាទី ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៩ ។
នៅពេលចុះពិនិត្យសមត្ថកិច្ចឲ្យដឹងថា សព ជនរងគ្រោះឈ្មោះ មួន ស្រីនឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិឱម៉ាល ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជនរងគ្រោះទី២ឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ស្រុកំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។
តាមរយៈការបំភ្លឺជូនសមត្ថកិច្ចពីឈ្មោះ ជួន កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខផ្ទះសំណាក់កើតហេតុបានអោយដឹងថា នៅវេលាម៉ោងប្រហែល១៤រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ បានមកមើលភ្ញៀវនៅផ្ទះសំណាក់ខាងលើ ដោយសារដល់ម៉ោងសំអាតបន្ទប់ និងដល់ម៉ោងដើម្បីឲ្យភ្ញៀវបង់លុយថ្មីទៀត បានទៅគោះទ្វារបន្ទប់លេខ A 101 តែភ្ញៀវមិនព្រមបើកក៏យកសោរបន្ទប់មកចាក់ ហើយឃើញភ្ញៀវខាងប្រុសឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ បានដើរចុះដើរឡើងក្នុងបន្ទប់ក៏សួរនាំ តែមិននិយាយស្តីអ្វីទេ ។
សាក្សីបន្តថា បន្ទាប់មកដោយមានការសង្ស័យ បានហៅបុគ្គលិកផ្សេងទៀតមកជួយមើល ឃើញជនរងគ្រោះឈ្មោះ មួន ស្រីនឿន ដេកបែកពពុះមាត់នៅលើពូក រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ ។
តាមកំណត់ហេតុពីម្ចាស់ផ្ទះសំណាក់បាន បង្ហាញថា បន្ទប់លេខ A101 នេះ ឈ្មោះ យែម នៅបានចូលមកសំរាកនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៩ នាវេលាម៉ោង២០៖២០នាទី បន្ទាប់មកទើបឃើញខាងស្រី ចូលមកសម្រាកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ។ លុះដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៩ ទើបមានករណីនេះកើតឡើងនៅក្នុងបន្ទប់នេះតែម្តង ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល និងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ និងគ្រូពេទ្យអនុមន្ទីរពេទ្យជ័យជំនះ បានធ្វើសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំហួសកំណត់ ក្នុងគោលបំណងធ្វើអត្តឃាត ។
វត្ថុតាងនៅកន្លែងកើតហេតុមាន ៖ សំបកថ្នាំ TRAUIC ប្រើអស់ចំនួន៤បន្ទះ, សំបកប្រអប់២ និងសំបកថ្នាំ Laroxyl មាន១បន្ទះ ប្រើអស់៣០គ្រាប់ MIRAL GINE អស់១៨គ្រាប់ TRAVIC អស់៣៩គ្រាប់ ។
ក្រោយពិនិត្យចប់សព្វគ្រប់ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ ដោយឡែក ឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ស្រុកំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ៕ស្អាងជ័យ