ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី៖ បាតុកម្មហិង្សានៅតំបន់​ Papua នៅតែបន្តកើតឡើង

ចែករំលែក៖

បាតុកម្មនៅតំបន់​ប៉ាពួ ប្រទេសឥណ្ឌូនេស៊ី នៅតែបន្តកើនឡើងហើយអំពើហិង្សា​ក៏កាន់​ធ្ងន់ជាតិមុនផងដែរ ។ ​កន្លងមក​ក្រុមបាតុករបានវាយប្រហារ​ និងដុតបំផ្លាញ​ហាងលក់​ទំនិញជាច្រើន​ បង្ខំឲ្យកម្លាំងសន្តិសុខត្រូវ ចាត់វិធានការក្តៅដើម្បីទប់ស្កាត់​ ។

ជាមួយគ្នានោះក្រុមសន្តិសុខក៏បានចាប់ខ្លួន និស្សិត២នាក់ ​នៅទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដោយចោទប្រកាន់ពីបទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងសន្តិសុខ​ជាតិ» ។ ប៉ូលិសបានរក​​​ឃើញភស្តុតាង តាមរយៈទូរស័ព្ទដៃចល័ត​របស់ពួកគេ អាវយឺត ក៏ដូចនិមិត្តសញ្ញា​ ទង់ផ្កាយព្រឹក ដែលត្រូវបានហាមឃាត់​ ។

ក្រៅពីនេះប៉ូលិសក៏បានឃាត់ខ្លួន ក្រុម អ្នកតវ៉ាជាច្រើននាក់ ក្រោយផ្ទុះបាតុកម្មដុតអគារ​នៅប៉ាពួ ប្រទេសឥណ្ឌូនេស៊ី ។ អ្នកនាំពាក្យ នៃប៉ូលិស​ឥណ្ឌូនេស៊ី​មួយរូប ​បានថ្លែង ​នៅថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ប៉ូលិស​បានចាប់ខ្លួន​មនុស្សច្រើន​នាក់​ នៅចុងខាងកើតបំផុត នៃ​​តំបន់​ប៉ាពួ (Papua)​ ក្រោយពេលមានបាតុកម្ម​ដុតរថយន្ដ និងអគារឆេះអស់ជាច្រើនខ្នង កាលពីសប្តាហ៍មុន​ ។

តំបន់ ប៉ាពួ របស់ឥណ្ឌូនេស៊ីនោះ ជាមូលដ្ឋាន ​បង្ក​ឲ្យមានអំពើចលាចលស៊ីវិល អស់រយៈ​ពេល​​២សប្តាហ៍​មកហើយ ដោយសារពួកគេយល់ឃើញថា ជាការរើសអើង​ទៅលើ​ជនជាតិ​ភាគតិច និងពូជសាសន៍ ។ បាតុករខ្លះ ​ទាមទារ​បោះឆ្នោតដោយឯករាជ្យ ។ ប៉ុន្ដែទោះជា​យ៉ាងណា ប៉ូលិស​មិនអាចធ្វើតាម​ការទាមទារទាំងនោះបានទេ ។

លោក Ahmad Kamal អ្នកនាំពាក្យប៉ូលិស ​នៅតំបន់ប៉ាពួ បានថ្លែងថា នៅទីប្រជុំជន Jayapura មានមនុស្ស​២៨នាក់ត្រូវចាប់ខ្លួន ។ រីឯអ្នកខ្លះទៀតត្រូវប្រឈម​មុខ​នឹងការ​ស៊ើប​អង្កេត ។ ការចាប់ខ្លួនពួកគេ​ទាំងនេះ ដោយសារមានការសង្ស័យ ជាប់ពាក់ព័ន្ធ​នឹង​ការបង្កឲ្យខូចខាត ដុតបំផ្លាញអចលនទ្រព្យ បង្កហិង្សា បង្កហេតុ និងលួចប្លន់ ។

ការធ្វើបាតុកម្មនោះ ក្រុមកុបករ​បានដុតរថយន្ត ដុតអគារ​ បណ្តាលឲ្យឆាប​ឆេះយ៉ាង​សន្ធោស​ន្ធៅ ក្នុងនោះ​ដុតការិយាល័យ​សភា ​ក្នុងតំបន់​អស់មួយកន្លែង និងដុតអគារ​ការិយា​ល័យ​ទូរគមនាគមន៍​គ្រប់គ្រងដោយរដ្ឋ​ថែមទៀតផង ។ មន្ត្រីប៉ូលិសដដែល បាន​បញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានការណ៍ ​នៅ​តំបន់ប៉ាពួ មានសភាពស្ងប់​ស្ងាត់​ហើយ៕


ចែករំលែក៖