ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកឆ្លងផ្លូវត្រូវរថយន្តម៉ាស្តារ បុកពេញទំហឹងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX-330 មួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តម៉ាស្តារមួយគ្រឿងបើកបុកចំពាក់កណ្តាលលាន់ដូចរន្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសងខាង តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបវត្តអង្គតាមុិញ តាមបណ្តោយផ្លូវបេតុង កែង និងផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-330 ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ2Y-3101ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបែកជាបួនក៍មានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស្តារពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-3758ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពាក់កណ្តាលរថយន្តឡិចស៊ីសផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំចំណែករថយន្តម៉ាស្តារខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា ។ បន្ទាប់មកម្ចាស់រថយន្តទាំងពីរគ្រឿងបានចេញពីកន្លែងកើតហេតុបាត់អស់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើកាវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖