ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបង្រ្កាបចាប់ខ្លួនបាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជននេះទិញថ្នាំញៀនពីមេក្លោងដ៏ធំម្នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកមកធ្វើការជួញដូរបន្ត ។ ជនសង្ស័យត្រូវបានចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលយុត្តិធម៌ស្រុកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះទី១-ឈ្មោះ ហាក់ យឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ម្កាក់ ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ទី២-ឈ្មោះ ទុន រ៉ាវីន ហៅវ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ អង្រ្គង ឃុំ រលាំងកែន ស្រុកកណ្ដាលស្ទឹង ។ ដោយឡែកវត្ថុតាងដែកដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៤កញ្ចប់តូច និងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ តាកែវ 1A-2539 ។
ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចនគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានកំណត់ និងតាមដានកន្លងមក ។ លុះមកដល់មុនពេលចាប់ខ្លួន សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យកំពុងធ្វើសកម្មភាព ក៏លបធ្វើការឆ្មក់បង្រ្កាបឈានដល់ចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា រូបគេធ្លាប់ប្រើប្រាស់ និងជួញដូរគ្រឿងញៀននេះជាយូមកហើយ ។ នៅមុនពេលចាប់ខ្លួនរូបគេបានទៅទិញថ្នាំញៀនពីមេក្លោងដ៏ធំម្នាក់ឈ្មោះដែន រស់នៅភូមិសេដ្ឋី ឃុំព្រះនិពាន្ធ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ដើម្បីយកមកជួញដូរបន្តទៅអោយអ្នកប្រើប្រាស់ ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ៕ស្អាងជ័យ