ខេត្តសៀមរាប៖ ពលរដ្ឋដែលជាកម្មករចម្ការកៅស៊ូក្នុងក្រុមហ៊ុនខេន ប្រុស ស្រីចំនួន១៩នាក់ នៅស្រុកស្វាយលើបាននាំគ្នាហូបផ្សិតចម្រុះជាច្រើន មុខបណ្តាលឲ្យ រាគ ក្អួតចង្អោរ ហើយត្រូវបានក្រុមអ្នកភូមិ និងសមត្ថកិច្ច ដឹកបញ្ជូនទៅព្យាបាលទាន់ពេល បច្ចុប្បន្នបានធូរស្បើយវិញខ្លះហើយ ។
បើតាមនគរបាលស្រុកស្វាយលើ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៩នេះថា កាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋជាកម្មករចម្ការកៅស៊ូក្នុង ក្រុមហ៊ុន ខេន ស្ថិតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បាននាំគ្នាដើរដកផ្សិតចម្រុះជាច្រើននៅក្នុងព្រៃយកមកធ្វើម្ហូបហូប បណ្តាលឲ្យមនុស្សចំនួន១៩នាក់ ក្នុងនោះមានស្រី៦នាក់ បានពុលផ្សិតទាំងនោះ ដោយមានចេញរោគសញ្ញា រាគ ក្អួតចង្អោរហើយពេលភ្លាមៗនោះ ពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាល នៅមណ្ឌលសុខភាព ឃុំខ្វាវ ស្រុកជីក្រែង ដែលមានទីតាំងជិតកន្លែងកើតហេតុនោះ ។
សមត្ថកិច្ចបញ្ជាក់ថាករណីនេះពុំមានអ្នកស្លាប់នោះទេ ដោយសារ សមត្ថកិច្ច និងពលរដ្ឋបាននាំខ្លួន បញ្ជូនជនរងគ្រោះទាំងនោះ ទៅមណ្ឌលសុខភាពទាន់ពេល បច្ចុប្បន្នពលរដ្ឋទាំងនោះបានធូរស្បើយឡើងវិញខ្លះហើយ ។
ទាក់ទិននឹងករណីនេះដែរ សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានសំណូមពរឲ្យ ពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការហូបផ្លែឈើ និងផ្សិត នៅក្នុងព្រៃ ដែលស្គាល់មិនច្បាស់ អាចនាំឲ្យពុលបានដោយសារការធ្វេសប្រហែស ៕ ប៊ុនរិទ្ធី