ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋភាគខាងត្បូងវៀតណាម បារម្ភពីជំងឺគ្រុនផ្តាសាយបក្សី​

ចែករំលែក៖

ជំងឺគ្រុនផ្តាសាយបក្សី​ជាស្រមោលអតីតកាលដ៏អាក្រក់គ្របដណ្តប់ទៅលើប្រជាកសិករ​វៀត​ណាម ដោយមានសត្វចិញ្ចឹមជាច្រើន​ត្រូវបានសម្លាប់ យកទៅកប់ដោយ​ធ្វើឲ្យខាតបង់​ទឹកប្រាក់ជាច្រើន ។ ជំងឺ​ផ្តាសាយបក្សីចាប់ផ្តើម កើតឡើងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ មនុស្ស១២៧នាក់ នៅវៀតណាម​បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ក្នុងនោះអ្នកផ្ទុកជំងឺ​នេះ​៦៤នាក់​បានស្លាប់ ។ តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ ​ជំងឺ H5N1 មិនបានឆ្លង​ទៅលើមនុស្ស​ណាម្នាក់នោះទេ ។

ជំងឺគ្រុនផ្តសាយបក្សី​បាន​កើតឡើង​នៅខេត្ត បេនត្រេ (Ben Tre) ភាគខាងត្បូងវៀតណាម ។ នេះជាការឆ្លងដំបូងគេ​អំពីជំងឺផ្តាសាយបក្សី A/H5N6 ដែលនាំឲ្យសម្លាប់សត្វមាន់​ប្រហែល​១ ០០០​ក្បាល ។

មន្ត្រីក្នុងតំបន់​បញ្ជាក់ថា ជំងឺផ្តាសាយបក្សីនេះ ត្រូវបានរកឃើញនៅក្នុងស្រុក Mo Cay Nam ក្រោយពីធ្វើពិសោធន៍ហើយ​រកឃើញនៅលើសត្វចិញ្ចឹម​លក្ខណៈគ្រួសារ​នៅទីនោះ មានផ្ទុក​ជំងឺគ្រុនផ្តសាយបក្សីនេះ ។

ក្រោយផ្ទុះករណីនេះ ភ្នាក់ងារពាក់ព័ន្ធ​បានចាត់វិធានការ​ទប់ស្កាត់ និងសម្អាត​​​ សម្លាប់សត្វ​មាន់​ទាំងអស់​នៅក្នុងតំបន់នេះ ក៏ដូច​ចាក់វាក់សាំង​លើសត្វចិញ្ចឹម​ដទៃផ្សេងទៀត​ដូច​ជាជ្រូក ក្របី គោជាដើម ។

កាលពីចុងខែកក្កដា ក្រសួងអភិវឌ្ឍន៍ជនបទ និង​កសិកម្មវៀតណាម បានប្រកាស​ឲ្យដឹង​អំពី​ការឆ្លងរាលដាលជំងឺ​គ្រុនផ្តាសាយបក្សី A/H5N6 និង A/H5N1 រាលដាល​នៅទូទាំងឃុំ​ចំនួន១៣ និង​១១ទីតាំង ចាប់ពីដើមឆ្នាំ២០១៩មក ។ សត្វបក្សី​ជាង ២៣ ០០០ក្បាល​ត្រូវសម្លាប់រួចហើយ ។

វៀតណាម​ផ្ទុះជំងឺគ្រុនផ្តាសាយបក្សី A/H5N1 ដំបូងគេនៅខែធ្នូ ឆ្នាំ២០០៣ ។ កាលណោះ​ផ្ទុះ​​​ឡើង​ទាំងមនុស្ស និងសត្វបក្សី ។ ពីឆ្នាំ​២០០៣ ដល់ឆ្នាំ២០០៦ សត្វបក្សី​ក្នុងប្រទេសនេះ​សរុបជាង​៤៥លានក្បាល ត្រូវសម្លាប់ចោល មួយឆ្នាំៗ សម្លាប់រាប់រយពាន់ក្បាល៕


ចែករំលែក៖