ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងនគរបាលបានចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ខណៈស្ត្រីម្នាក់ជាភ្ញៀវជិះឡំប្រឺតា បានទូរស័ព្ទប្តឹងសមត្ថកិច្ចថាបុរសជាអ្នករត់ឡំប្រឺតា ផ្សំគំនិតគ្នាជាមួយជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទដៃពីប្តីរបស់គាត់បានសម្រេច ទើបគាត់ទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាអ្នករត់ឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1P-6962 បើកបរតាមបណ្តោយផ្លូវកែវចន្តា លុះមកដល់ចំណុចខុនដូនមេគង្គ ក៏ស្រាប់តែមានស្ត្រីខ្មែរម្នាក់ និងប្តីជាជនជាតិបរទេស បានចោទប្រកាន់ទៅអ្នករត់ឡំប្រឺតានោះថា ផ្សំគំនិតគ្នាជាមួយជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទដៃពីប្តីរបស់គាត់ទើបស្រ្តីជាប្រពន្ធជនរងគ្រោះ ទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
បន្ទាប់ពីសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បុរសដែលជាអ្នករត់ឡំប្រឺតា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានដឹកភ្ញៀវ២នាក់ប្តីប្រពន្ធខាងលើនេះ ដោយជិះបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឆក់ទូរស័ព្ទដៃបានសម្រេចហើយ គេចខ្លួនបាត់ស្រមោល ។ ភ្លាមនោះជនរងគ្រោះដែលជិះលើឡំប្រឺតាគាត់ បានឲ្យគាត់បើកទៅខុនដូរវិញ ពេលមកដល់ខុនដូរស្រាប់តែស្រ្តីជាប្រពន្ធជនរងគ្រោះចោទគាត់ថា ជាអ្នកផ្សំគំនិតជាមួយនឹងជនសង្ស័យទៅវិញ ហើយគាត់សុំបដិសេធថា គាត់មិនមែនជាបក្ខពួកជនសង្ស័យនោះទេ ។
ដោយឡែកស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះជាជនជាតិបរទេសនោះ បានឲ្យដឹងដែលថា មុនពេលកើតហេតុគាត់ និង ប្តីបានជិះឡំប្រឺតាចេញពីខុនដូរមេគង្គ ខណៈពេលជិះបានពាក់កណ្តាលផ្លូវស្រាប់តែអ្នកបើកបរឈប់ ហើយមានជនសង្ស័យជិះម៉ូតូមកដល់ឆក់យកទូរស័ព្ទពីដៃប្តីរបស់គាត់ទៅបាត់ ទើបគាត់គិតថាជាបក្ខពួករបស់អ្នករត់ឡំប្រឺតានេះ រៀបគម្រោងនេះឡើង ។
ក្រោយពេលកើតហេតុខាងស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការណែនាំអ្នករត់ឡំប្រឺតានេះ រួចក៏បញ្ចប់រឿងតែម្តង ៕ ជ្រោយពេជ្រ