ភ្នំពេញ ៖ បុរសម្នាក់ បានប្រើល្បិចថាខ្លួនជាជនជាតិថៃ ទើបមកដល់ស្រុកខ្មែរហើយចាញ់បោកនារីម្នាក់ អស់លុយ៣០០ដុល្លារនិងទូរស័ព្ទមួយគ្រឿងមានតម្លៃជាង១០០០ដុល្លារ បន្ទាប់មកជននេះបានហៅរត់ឡំប្រឺតាមួយគ្រឿងជិះ រួចក៏ប្រើល្បិចថាជូនខ្លួនទៅដកលុយនៅធនាគារកាណាឌីយ៉ា នៅម្តុំផ្លូវវេងស្រេង ប៉ុន្តែគេមិនទាន់ផ្ញើឲ្យ ទើបខ្ចីលុយអ្នករត់ឡំប្រឺតា២០ម៉ឺនរៀលនិងទូរស័ព្ទមួយគ្រឿង យកទៅបញ្ជាំលេងល្បែងចាញ់អស់លុយត្រូវជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ប៊ុន ឡុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅប្រទេសថៃ និងមានស្រុកកំណើតនៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មពួក ខេត្តបាត់ដំបង ។ ចំណែកបុរសរងគ្រោះឈ្មោះ ម៉ែន វ៉ិត អាយុ២៨ឆ្នាំ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ និងមានស្រុកកំណើតនៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពពីមន្រ្តីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានហៅឡំប្រឺតារបស់ជនរងគ្រោះជិះចេញពីផ្ទះសំណាក់យីហោ «ចន្ទ័ ណាវី» ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ ដោយឲ្យដឹកជូនខ្លួនទៅបើកលុយចំនួន៨៦០០ដុល្លារ ពីធនាគារកាណាឌីយ៉ាមួយកន្លែងមានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង ។
មន្រ្តីដដែលបន្តថា នៅពេលដែលជនសង្ស័យឡើងជិះលើឡំប្រឺតារបស់ជនរងគ្រោះរួចហើយ ជនសង្ស័យធ្វើជានិយាយរដឺនៗប្រាប់ទៅបុរសរងគ្រោះថា ខ្លួនជាជនជាតិថៃ ទើបមកដល់ស្រុកខ្មែរ ហើយត្រូវស្ត្រីជនជាតិខ្មែរម្នាក់លួចយកលុយអស់ចំនួន៣០០ដុល្លារ និង ទូរស័ព្ទមួយគ្រឿងទៀតតម្លៃ១២០០ដុល្លារអស់ពីខ្លួន ។ ភ្លាមនោះជនសង្ស័យបានប្រើល្បិចសុំខ្ចីទូរស័ព្ទដៃរបស់ជនរងគ្រោះនិយាយជាភាសាថៃទៅអ្នកផ្សេង ។ ពេលនោះជនសង្ស័យក៏បានប្រាប់ជនរងគ្រោះឲ្យជូនខ្លួនទៅបើកលុយនៅណាហ្គាវើលវិញ ដោយសារតែលុយទាល់តែម៉ោង១២យប់ទើបគេផ្ញើមកឲ្យ និងបើកនៅទីនោះតែម្តង ។ លុះមកដល់ណាហ្គាវើល ទាំង២នាក់ក៏បានឡើងទៅខាងលើ ដោយជនសង្ស័យបានខ្ចីលុយជនរងគ្រោះចំនួន២០ម៉ឺនរៀលបន្ថែមទៀតទុកសំរាប់បង់ថ្លៃសេវាធនាគារ ។
ប្រភពបន្តថា ក្រោយពីជនសង្ស័យបានខ្ចីទូរស័ព្ទមួយគ្រឿងសំរាប់ទាក់ទងក្នុងការផ្ញើលុយ និងខ្ចីលុយចំនួន២០ម៉ឺនរៀលបានហើយ ជនសង្ស័យក៏បានប្រាប់ជនរងគ្រោះឲ្យចុះទៅមើលឡំប្រឺតារបស់ខ្លួនដែលចតទុកចោលនៅខាងក្រោម ហើយនៅពេលត្រឡប់ទៅវិញ ចាំគេប្រាប់ឲ្យដឹកទៅផ្ទះសំណាក់វិញ ។ ស្រាប់តែចាំរហូតដល់ព្រឹកឡើង ដោយមានការសង្ស័យថាចាញ់បោកគេអស់ទាំងទូរស័ព្ទមួយគ្រឿង និងលុយចំនួន២០ម៉ឺនរៀល និងដឹកទៅមកអស់មួយយប់ទល់ភ្លឺទៀតនោះ ទើបជនរងគ្រោះមកប្តឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យចាប់ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតែម្តង ។
ក្រោយពេលឃាត់ខ្លួនដើម្បីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ទូរស័ព្ទមួយគ្រឿងនោះគឺខ្លួនយកទៅបញ្ចាំបានលុយចំនួន១០០ដុល្លារ ។ ចំណែកលុយចំនួន២០ម៉ឺនរៀលទៀតក៏យកទៅលេងល្បែងចាញ់អស់ហើយដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមច្បាប់ ៕ស រស្មី