ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុក សហការជាមួយនគរបាលស្រុកបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ មកសួរនាំតាមពាក្យបណ្ដឹងរបស់ម្ចាស់តូបលក់ទូរសព្ទ័ ពាក់ពន្ធ័ករីប៉ុនប៉ងដុតតូបតែមិនបានសម្រេចគ្រាន់តែមានជម្លោះពាក្យសំដីនឹងគ្នាប៉ុណ្ណោះ ។
ហេតុការណ៏ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីព្រឹក ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះកែវ ចាន់សាវី ភេទស្រី អាយុ២៩ឆ្នំា មុខរបរកម្មកររោងចក្ររស់នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
ចំណែកម្ចាស់រូបដែលបានដាក់ពាក្យបណ្ដឹងមានឈ្មោះ មឿង បូរី ភេទប្រុស អាយុ៣៣ឆ្នំា មុខរបរជួសជុល និងលក់ទូរស័ព្ទដៃ រស់នៅភូមិធ្លក ឃំុក្រោលគោ ស្រុកស្វាយជ្រំ ។
ប្រភពបន្តថា បន្ទាប់ទទួលសេចក្ដីរាយការណ៍ភ្លាមកម្លំាងអាវុធហត្ថ ស្រុកសហការជាមួយនគរបាលស្រុកស្វាយជ្រំ បានចុះទៅស្រាវជ្រាវកន្លែងករណីប៉ុនប៉ង ដុតតូបលក់ទូរស័ព្ទ និងបានឃាត់ខ្លួនស្ត្រីសង្ស័យមកសាកសួរ ។
ក្រោយពីសាកសួររួចទើបដឹងថា មុននឹងឈានប៉ុនប៉ងដុតតូបនេះ ដោយសារមូលហេតុជនសង្ស័យ និងម្ចាស់តូបមានទំនាស់ពាក្យសំដី និងគ្នារហូតឈានដល់មានរឿងរ៉ាវខាងលើនេះកើតឡើង ។
បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន