ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ អធិការដ្ឋាន នគរបាលស្រុកអន្លង់វែង បានទទួលបណ្តឹងពីជនរងគ្រោះចំនួន ០៣ នាក់ ជាបុគ្គលិកផ្នែកជាងឈើ ក្រុមហ៊ុនលឹមហេងគ្រុប ស្តីពីមានក្រុមជនល្មើសមួយក្រុមផឹកស៊ីទាស់សម្តីគ្នា ហើយបានវាយ និងយកដាវកាប់ទៅលើក្រុមរបស់ខ្លួន បណ្តាលឲ្យរងរបួសចំនួន ០៣ នាក់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណ សណ្ឋាការ និងកាស៊ីណូ ក្រុមហ៊ុនលឹមហេងគ្រុប ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះទាំង ០៣ នាក់ មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ណុប ចន្ធី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំ-ស្រុក ត្រពាំងប្រាសាទ រងរបួសធ្ងន់ កែងដៃខាងស្តាំ
២- ឈ្មោះ តាន់ ឌីម ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិ- ឃុំ បាក់ស្នា ស្រុកបារ៉ាយ ខេត្តកំពង់ធំ រងរបួសធ្ងន់ ប្រអប់ដៃខាងឆ្វេង
៣- ឈ្មោះ សរ សីហា ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិ- ឃុំ ព្រៃរូង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសស្រាល កែងដៃខាងឆ្វេង ។
សមត្ថកិច្ចបន្តរថា ក្រោយពីទទួលបណ្តឹងភ្លាមៗ អធិការនគរបាលស្រុក បានចាត់តាំងកម្លាំងជំនាញ សហការជាមួយកម្លាំងសន្តិសុខ ក្រុមហ៊ុនលឹមហេងគ្រុប ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ ដែលជាបុគ្គលិកផ្នែកជាងភ្លើងក្រុមហ៊ុនលឹមហេងគ្រុប មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ជុំ ចិត្ត ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
២- ឈ្មោះ លី ផល្លីន ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ
៣- ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ-ឃុំ តាយែត ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ។
បច្ចុប្បន្ន បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន