ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានសហការ គ្នាយ៉ាងស្អិតល្មួតជាមួយប្រជាការពារភូមិបានល្បាតរហូតឈានទៅ ដល់ការឃាត់់ខ្លួន ក្រុមចោរដ៏សកម្មចំនួន៥នាក់ដែលតែងតែលួចគោក្របី អ្នកភូមិជាញឹកញាប់នៅក្នុងខេត្តសៀមរាប និងខេត្តផ្សេងៗទៀតហេតុការណ៍បង្ក្រាបនេះ ធ្វើឡើង នៅ វេលាម៉ោង០១ និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុចភូមិត្រាង ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រីភឹងចិន្តា រ៉េត ស្នងការរងទទួលផែនកណ្តាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាន ខេត្តសៀមរាប បានឲ្យដឹងថាក្រោមកិច្ចសហការប្រទាក់ក្រឡារវាងអធិការស្រុកប្រាសាទបាគង ស្រុកពួក និង កម្លាំង ជំនាញព្រហ្មទណ្ឌ ខេត្តសៀមរាប រួមនឹងប្រជាការពារស្រុកប្រាសាទបាគង យើងបង្ក្រាបក្រុមចោរ១ក្រុមមានគ្នា៥នាក់កំពុងធ្វើសកម្មភាព លួចគោ ដឹកតាមរថយន្ត !លោកបន្តថាកម្លាំងអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង បានល្បាតក្នុងមូលដ្ឋានហើយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានរថយន្ត១ គ្រឿងម៉ាកកូរេ ពណ៌សរ៣តោន កន្លះពាក់ស្លាកលេខភ្នំពេញ 3C-1155 សង្ស័យថា មានគោហើយកម្លាំង យើងក៏ឃាត់់រថយន្តត្រួតពិនិត្យ ក៏ឃើញមានដឹកគោញី ចំនួន៣ ក្បាល សម្បុរចំប៉ា១ ក្បាល និង ក្រហម២ក្បាល ពេលកម្លាំងយើង សួរនាំម្នាក់ក្នុងចំណោម៤នាក់ បានរត់គេចហើយកម្លាំងយើង បានហ៊ុមព័ទ្ធហើយចាប់បានតែម្ដង ។លោកបន្ថែមថាជនសង្ស័យ ទី ១ ឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ សញ្ជាតិ ខ្មែរនៅភូមិ ដើមរការ ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ទី ២ ឈ្មោះ ម៉ម ចន្ថា ភេទប្រុស អាយុ ៣៧ ឆ្នាំសញ្ជាតិខ្មែរ នៅភូមិចេកចាវ ឃុំ កំពង់ ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ទី ៣ ឈ្មោះ ឌី សៅ រ៉ាន់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ កណ្ដុរសរ ឃុំ បងកន្ទួត ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ ។ ទី៤ ឈ្មោះ កុក លី សារ ភេទប្រុសអាយុ២០ ឆ្នាំ សញ្ជាតិខ្មែរ ជាម្ចាស់ឡាន នៅភូមិចំការតាពង ឃុំស្រែស្ដុក ស្រុកក ន្ដៀ ង ខេត្តពោធិ៍សាត់ ។លោកបញ្ជាក់ថាតាមចម្លើយសារភាពរបស់ អ្នកទាំង៤ឈានដល់ការនាំខ្លួន ឈ្មោះ គាតូ ភេទប្រុស អាយុ ៣៩ ឆ្នាំ នៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាបមកសួរនាំ ! ក្រោយពីសួរនាំរួចជនសង្ស័យទាំង ៥ បានឆ្លើយសារភាពថា ពិតជា បានធ្វើសកម្មភាពលួចគោក្របីពិតប្រាកដមែន ហើយពេលកន្លងមកជនសង្ស័យ ទាំង៥នាក់ធ្លាប់ធ្វើសកម្មភាព លួចគោក្របី ជាសកម្មផងដែរ។ហើយយើងបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលពួកគេ ប្រព្រឹត្តិសកម្មភាពលួច គោ ក្របី ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
សមត្ថកិច្ចបញ្ជាក់ទៀតថាទន្ទឹមនឹងការចាប់បានក្រុមចោរលួច គោ ក្របី ទាំងនេះបានហើយក៏គួរតែចេះប្រុងប្រយ័ត្នផង ។ជុំវិញករណីបង្ក្រាបដោយទទួលបានជោគជ័យពីសំណាក់កម្លាំង នគរបាលខេត្តសៀមរាបនេះដែរពលរដ្ឋដែលចិញ្ចឹម គោ ក្របី ក្នុងខេត្តសៀមរាប បានសម្តែងការត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការដ៏ល្អនេះព្រោះពួកគាត់លែងភ័យបារម្ភទៀតហើយ ៕ប៊ុនរិទ្ធី