ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មថ្មីបន្ថែមទៅលើ​ អង្គការអវកាសរបស់អ៊ីរ៉ង់​

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេច អនុម័តដាក់ទណ្ឌកម្មទៅលើវិស័យ អវកាស​របស់អ៊ីរ៉ង់​ ដោយចាត់ទុកថា វិស័យនោះជាការលាក់បាំងដល់កម្មវិធី​អភិវឌ្ឍន៍​​កាំជ្រួច​មីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ ។

ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក គឺបានហាមប្រាមពលរដ្ឋអាមេរិក រកស៊ីជាមួយ​បណ្តា​ក្រុមហ៊ុនអ៊ីរ៉ង់ ក្នុងនោះមានវិស័យអវកាសជាដើម ។ ​រដ្ឋមន្ត្រីការ​បរទេសអាមេរិក លោក​ Mike Pompeo ​បានបញ្ជាក់ថា អាមេរិក មិនអនុញ្ញាតឲ្យអ៊ីរ៉ង់​ប្រើប្រាស់​កម្មវិធីអវកាសដើម្បី​ផលិតមីស៊ីលឆ្លងទ្វីបនោះឡើយ​ ។

ក្នុងពេលជាមួយគ្នានេះដែរអ៊ីរ៉ង់ បានព្រមានថា ​នឹងឈប់គោរពទៅតាម​ច្ចសន្យា កាលពីឆ្នាំ​២០១៥​ ប្រសិនបើប្រទេសតំបន់អឺរ៉ុប​មិនមានវិធានការការពារ​សេដ្ឋកិច្ចអ៊ីរ៉ង់​​ ទប់ស្កាត់​ការ​ដាក់ទណ្ឌកម្មពីអាមេរិកនោះទេ ។ ​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក​ Javad Zarif ​បាន​បញ្ជាក់​នៅក្នុងសន្និសីទកាសែត​នៅថ្ងៃទី​៣ ខែកញ្ញាថា « វាជារឿងអត់ប្រយោជន៍​បើអ៊ីរ៉ង់នៅតែបន្ត​គោរពការសន្យា ចំណែកប្រទេសអឺរ៉ុប​ មិនអាចជួយអ្វីដល់អ៊ីរ៉ង់ បាន ដូចការសន្យា​ ។ អាមេរិក​នៅតែបន្តដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់​ដដែល» ។

កាលពីខែកក្កដាកន្លងមក​អ៊ីរ៉ង់ បានចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម​ លើសពីកម្រិតអនុញ្ញា ដល់ទៅ​២០២,៨ គីឡូក្រាម​​ និងកម្រិត កំហាប់នៃភាពបរិសុទ្ធអ៊ុយរ៉ានីញ៉ូម លើសពី ៣,៦៧ភាគ​រយ ។ ​ ចំនួន​ទំាំងនោះនៅតិចជាង ពេលមុនអ៊ីរ៉ង់​ចុះកិច្ចព្រមព្រៀង បរមាណូ​ជាមួយអាមេរិក នៅឆ្នាំ​២០១៥ ពេលនោះអ៊ីរ៉ង់​អ៊ីរ៉ង់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម បានដល់​ទៅ​២០ភាគរយ​​ ។ ដើម្បីឈានដល់​ការផលិត គ្រាប់បែកបរមាណូ គឺត្រូវចម្រើនកម្រិត កំហាប់នៃភាពបរិសុទ្ធដល់ទៅ​៩០ភាគរយ​ ។

ប៉ុន្តែអ៊ីរ៉ង់បានប្រកាសថា នឹង​ឈប់គោរពទៅតាម​ការសន្យា​​ នៅថ្ងៃទី៦ ខែកញ្ញាខាងមុខ ដោយបន្ត​ចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមលើកពី​២០ភាគរយ​ ក៏ដូចជាបង្កើន ម៉ាស៊ីនចម្រើន​សារធាតុបបរមាណូបន្ថែមទៀត​ ។

កាលពីចុងខែ សីហា កន្លងមក​ អ៊ីរ៉ង់បានដាក់លក្ខខណ្ឌ​​​ នាំប្រេងចេញទៅក្រៅប្រទេស​​ចំនួន​៧សែនបារ៉ែល ក្នុងមួយថ្ងៃ​​​ ហើយអាចកើងឡើងដល់ទៅ​១,៥ លានបារ៉ែល​​ ប្រសិនបើ​អាមេរិក និងលោកខាងលិចចង់ពិភាក្សា ស្តីពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់​ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អង់គ្លេស មានគម្រោងបញ្ជូន​យន្តហោះ​គ្មានមនុស្សបើក​ ទៅកាន់តំបន់ឈូងសមុទ្រពែក្ស ដើម្បីការពារនាវាដឹក​ទំនិញ​នានា​ ដែលឆ្លងកាត់ដែនសមុទ្រ ជាប់នឹងប្រទេសអ៊ីរ៉ង់​ ។

កងកម្លាំងទាហានអាកាសអង់គ្លេស មាន​យន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) ជាច្រើន​គ្រឿង នៅក្នុងប្រទេសគុយវ៉ែត ដែកជាការត្រៀមលក្ខណៈចូលរួម​ នៅក្នុងសង្គ្រាម នៅក្នុងប្រទេស​អ៊ីរ៉ាក់ និង ស៊ីរី​​ ។ ​ បើតាមសារព័ត៌មាន​ Sky News ​បានផ្សាយថា យន្តហោះគ្មានមនុស្សបើកបរទាំងនោះ​ នឹងបំពេញភារកិច្ច តាមដានរាល់សកម្មរបស់នាវាដឹកប្រេង ឆ្លងកាត់ដែនសមុទ្រពែក្ស ។

អ្នកនាំពាក្យកម្លាំងទាហានជើងទឹក អង់គ្លេស លោក​ Dean Basset ​បានឲ្យដឹងថា​«ការគំរាមកំហែងទៅលើនាវាពាណិជ្ជកម្ម​ កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ ហើយ យើង​មិនឃើញអ៊ីរ៉ង់ គោរព ទៅតាម ច្បាប់អន្តរជាតិ នោះឡើយ» ។

កាលពីខែកក្កដា កន្លងមក​ នាវាដឹកប្រេងមួយគ្រឿងរបស់អ៊ឺរ៉ង់ ​ត្រូវអង់គ្លេស​ឃាត់ នៅតំបន់សមុទ្រ​ Gibraltar ​ ។ នៅពេលនោះ អ៊ីរ៉ង់បានចោទប្រកាន់​សកម្មភាពរបស់អង់គ្លេស គឺមិនខុសអ្វីពីការប្លន់នាវានោះឡើយ​ ។ ឆ្លើយតប​ទៅនឹងសកម្មភាពខាងលើ​ អ៊ីរ៉ង់​ក៏បានចាប់នាវាដឹកទំនិញអង់គ្លេស​ ​នៅតំបន់សមុទ្រពែក្ស ផងដែរ ៕


ចែករំលែក៖