ព័ត៌មានទាន់ហេតុការណ៍៖

ករណីអង្គការសុវណ្ណកុមារកម្ពុជា បណ្តេញបុគ្គលិកដោយគ្មានមូលហេតុ , ផ្ទុះការតវ៉ាសារជាថ្មីដោយស្នេីសុំអោយសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានច្បាប់ទម្លាប់ និង ប្រកាន់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ គតិបណ្ឌិត និង បង្រួបបង្រួមជាតិ ព្រមទាំងទទួលបាននូវសុខសន្តិភាពពេញលេញ ជាច្រេីនឆ្នាំកន្លងមកហេីយ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នេះជាសម្តីរបស់បុគ្គលិកអង្គការសុវណ្ណកុមារកម្ពុជា ជាច្រើននាក់ បាននិយាយ ពេលកំពុងលើកបដាធ្វើការតវ៉ា មុខអង្គការមួយ នេះ ។

ពួកគេ ត្រូវបានបុរសម្នាក់ដែលអះអាងថា ជាមេធាវី ឈ្មោះ Brad Gordon អាយុ៤៩ឆ្នាំ និងក្រុមសន្តិសុខឯកជនរបស់គាត់ជាង៣០នាក់បានមកបណ្តេញបុគ្គលិកចំនួន១៧ នាក់រួមទាំង លោក សុធា អរុណ ជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ អង្គការសុវណ្ណកុមារកម្ពុជា ផង ចេញពីកន្លែងការងារ ដោយពុំមានលិខិតស្នាមផ្លូវការណាមួយជាក់លាក់មកបង្ហាញសោះឡើយ ដោយគ្រាន់តែនិយាយថាអ្នកត្រូវចេញពីកន្លែងនេះ ចាំយើងបេីកប្រាក់ខែជូនធម្មតា។

ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងមក រហូតដល់ពេលនេះ ពួកគេទាំងអស់គ្នា ពុំទាន់បានទទួលនូវដំណោះស្រាយសមស្របណាមួយឡើយពី អង្គការសុវណ្ណកុមារកម្ពុជា ស្ថិតនៅខណ្ឌច្បារអំពៅ ។

ដូចនេះហេីយបានជាបុគ្គលិកអង្គការសុវណ្ណកុមារកម្ពុជា កាលពីព្រឹកថ្ងៃ៣- ខែកញ្ញា បានធ្វើការតវ៉ាសាជាថ្មីដើម្បីស្នើសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ ដោយ ទី១,បញ្ជាក់ពីមូលហេតុដែលបញ្ឈប់ពួកគាត់ដោយគ្មានឯកសារគតិយុត្ត , ទី២, ពួកគេស្នើសុំចូលធ្វើការងារវិញជាធម្មតានិងទី៣ បើបញ្ឈប់ពួកគេត្រូវផ្តល់ប្រាក់អតីតភាពការងារដល់ពួកគេ ដែលខំធ្វើការជាមួយអង្គការជាង១០ឆ្នាំមកហើយនិងផ្តល់សំណង ជំងឺចិត្តដល់ពួកគេ តាមគោលការណ៍ ព្រោះពួកគេបានចុះកិច្ចសន្យាការងារជាមួយអង្គការរយៈពេល២ឆ្នាំ ។

ពួកគេ ថ្លែងថា ការបណ្តេញពួកគេនិងបុគ្គលិកដទៃទៀតអោយចេញពីការងារដោយគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់និងដោយគ្មានការជូនដំណឹងជាមុន គឺ ផ្ទុយពីច្បាប់របស់ក្រសួងការងារ។

គួររម្លឹកថា បន្ទាប់ពីប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគ្រានោះ បានបង្កើតអោយមានឱកាស មានបុរសម្នាក់ជាជនជាតិខ្មែរ និងនារីម្នាក់ជាជនជាតិ អាមេរិកកាំង នោះគឺលោក សុធា អរុណ និងលោកស្រី Elizabeth Johnson បានជួបគ្នា មានបេះដូងស្រលាញ់កូនខ្មែរ ដូចគ្នា ចង់ជួយកុមារកម្ពុជាដែលរងគ្រោះកុមារកំព្រា កុមារអនាថា គ្មានទីពឹង និងទីជំរក ដោយបានបង្កើតមណ្ឌលមួយដែលមានឈ្មោះថា សុវណ្ណកុមារកម្ពុជា ។ ពួកគេទាំងពីរមានទឹកចិត្ត និងបេះដូងរួមចិត្តរួមថ្លើមតែមួយក្នុងការជួយដល់កុមារទាំងនោះ។

សុវណ្ណកុមារត្រូវបានបង្កេីតឡេីងក្នុងឆ្នាំ២០០៣ ដោយអ្នកទាំងពីរបានទៅទទួលយកក្មេងៗនៅតាមមន្ទីរពេទ្យ សង្គមកិច្ច និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៥៥នាក់មករស់នៅជុំគ្នានៅក្នុងសុវណ្ណកុមារកម្ពុជា ដោយបានរស់នៅជាមួយគ្នាជាលក្ខណៈគ្រួសារមានឪពុកម្តាយចិញ្ចឹមមានបងមានប្អូនមានកូនមានចៅបង្កើត មករស់នៅជុំគ្នាក្នុងភូមិសុវណ្ណកុមារយ៉ាងសប្បាយរីករាយអស់រយៈពេលជាង១៥ឆ្នាំមកហេីយដោយក្មេងៗទាំងអស់រស់នៅតាមបែបកូនអ្នកមានមានឡានជូនទៅរៀនមានម្ហូបអាហារគ្រប់គ្រាន់និងពួកគេបានទៅរៀននៅសាលាឯកជនដូចជា សាលាបញ្ញាសាស្ត្រ ប៊ែលធី វែស្សន៍ឡាញជាដេីម អស់រយៈពេលជិត១៥ឆ្នាំពិតជាមានក្តីសុខខ្លាំងណាស់ ។

ប៉ុន្តែជាអកុសលចុងក្រោយនៅពេលដែល Elizabeth Johnson បានស្លាប់ទៅ បានបន្សល់ទុកអោយលោកសុធា អរុណ នៅកណ្តោចកណ្តែងតែម្នាក់ឯង ដោយគ្មានទីពឹង និងភាពកក់ក្តៅ តែទោះជាយ៉ាងណាក៏លោក សុធា អរុណខិតខំជំនះគ្រប់ឧបសគ្គដេីម្បីចិញ្ចឹមក្មេងៗទាំងអស់អោយបានសម្រេចដល់គោលដៅ និងចក្ខុវិស័យរបស់ លោកស្រី Elizabeth Johnson ។

តែផ្ទុយទៅវិញ ដោយក្នុងនោះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក៏បានលេចមុខបុរសម្នាក់ដែលអះអាងខ្លួនឯងថាជាមេធាវីអោយគ្រួសារ Johnsonជនជាតិអាមេរិកឈ្មោះ Brad Gordon អាយុ៤៩ឆ្នាំ បានមកបណ្តេញពួកគេចេញពីអង្គការដោយខុសច្បាប់ក្មេងៗនិងម្តាយខ្លះត្រូវគេដេញចេញ ។

ជាចុងក្រោយ ពួកគេទាំងអស់គ្នាសូមគោរពស្នេីសុំសម្តេចតេជោហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មេត្តាជួយដល់ពួកគេ ផង ៕ ចេស្តា


ចែករំលែក៖