ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យជំងឺរើឡើង បណ្ដាលឲ្យដួលផ្កាប់មុខចូលក្នុងអាងទឹកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានដួលផ្កាប់មុខចូលក្នុងអាងទឹកបណ្ដាលឲ្យស្លាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងបង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះគង់ វ៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ ។

លោកអធិការរងបន្តថា នៅរសៀលថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៩ អ្នកជិតខាងបានមកហៅជនរងគ្រោះទិញបបរហូប ដែលជាទម្លាប់របស់គាត់ ។ ប៉ុន្តែហៅមិនឃើញឆ្លើយ ទើបអ្នករស់នៅជិតខាងចូលទៅមើលក្នុងបន្ទប់ដេក ក៏មិនឃើញឡើយ ។ លុះដល់យប់ថ្ងៃដដែលនៅតែមិនឃើញជនរងគ្រោះចេញពីបន្ទប់ក៏បាននាំគ្នាទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះដួលផ្កាប់មុខចូលក្នុងអាងទឹកស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្តែងតែម្តង ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យមានឃើញស្នាមរលាត់កោសកែងដៃស្តាំ រលាត់កោសស្មាខាងឆ្វេង រលាត់កោសឆ្អឹងជំនីស្តាំ និងស្នាមថ្ងាស២កន្លែង ហើយតាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូងមកពីជំងឺលើសឈាមទៀតផង ។

បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សណ្ដោស


ចែករំលែក៖