ខេត្តស្វាយរៀង៖ បុរសអ្នកដឹកធុងនំពោតលីងលក់ម្នាក់បានរងរបួសធ្ងន់ និងមនុស្ស៤នាក់ទៀតគ្រាន់តែភ័យព្រលឹងចុងសក់មិនមានរងរបួស ខណៈជួបគ្រោះថ្នាក់ចរាចរណ៏រវាងគោយន្តកន្ត្រៃបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ បុកជាមួយម៉ូតូស្របទិសគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១៣ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រ៤៧ និង៤៨ ស្ថិតក្នុងភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរបួសធ្ងន់មានឈ្មោះ មឿន ឡាតអាយុ៣៦ឆ្នាំ មុខរបរលក់នំពោតលីង រស់នៅឃុំត្រស់ ស្រុករមាសហែក ជិះម៉ូតូម៉ាក DH ៨៨ ពណ៌ក្រហម គ្មានស្លាកលេខខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើកគោយន្តកន្ត្រៃត្រូវបានស្គាល់ឈ្មោះវន សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែកស្រុករមាសហែក ក្រោយកើតហេតុបានបើកគេចខ្លួនប្រមាណ១៥០០ម៉ែត្រក៏បានចុះរត់គេចខ្លួនបន្សល់អ្នករួមដំណើរ៣នាក់មានឈ្មោះ ណិប ផៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ, ឈ្មោះ សិត មី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងឈ្មោះ ឈួន គ្រីត ប្រុសអាយុ២៨ឆ្នាំ មុខរបរកសិករ អ្នកទាំង៣រស់ក្នុងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ។
បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿង ពណ៌ក្រហម ម៉ាក់ KUBOTA ឌុបគ្នា៤នាក់ក្នុងទិសដៅពីត្បូងទៅជើងពុំមានភ្លើងបំភ្លឺផ្លូវ និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្រាប់តែទៅបុកនឹងម៉ូតូអ្នកដឹកធុងនំពោតលីងលក់ម្នាក់ ពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។
ក្រោយមក អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។
ចំណែកវត្ថុតាងធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រស់ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន