ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនថៅកែផ្ទះសំណាក់យីហោ “ពោធិ៍មាសថ្មី”និងមនុស្សប្រុសស្រី៥នាក់ទៀត ក្រោយផ្តល់ទីតាំងជក់ និងចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ក្នុងនោះមានថៅកែផ្ទះសំណាក់យីហោ “ពោធិ៍មាសថ្មី”ម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បើកប្រតិបត្តិការ ចុះឆ្មក់ និងចូលឆែកឆេរបន្ទប់ផ្ទះសំណាក់ខាងលើនេះ ដែលជាទីតាំងតែងតែផ្ដល់ឲ្យក្រុមក្មេងស្ទាវប្រុសស្រី មកស្នាក់នៅពពាក់ពពូនគ្នា ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដុះស្លែផងដែរ ។

ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី” ផ្ទះលេខ៧៦B ផ្លូវលំ ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ិន សុវណ្ណ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានចុះធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី”។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា ទីតាំងខាងលើ មានអ្នកទទួលខុសត្រូវឈ្មោះ ទេព ឈុន ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់កើតហេតុខាងលើ ដោយកម្លាំងជំនាញត្រួតពិនិត្យនឹងឆែកឆេរចំនួន៤បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន៥នាក់ រកឃើញម្ស៉ៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច នឹងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។

ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ ជា ច័ន្ទថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ។ ទី២.ឈ្មោះ មាស ស៊ីនិត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន ។ ទី៣.ឈ្មោះ ស៊ុន ចាននាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន។ ទី៥.ឈ្មោះ ស៊ុ មករា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖