ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ម៉ាក VELLFlRE មួយគ្រឿង បើករេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលព្រួញ ពុះចែកទ្រូងវៀចមួយកង់រថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខធនាគារ កាណាឌីយ៉ា តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក VELLFlRE ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BB-9356 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យក្បាលព្រួញចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តបង្ក ខូចខាតយ៉ាងដំណំផ្នែកស្ដាំ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ ។ ភ្លាមៗនោះ គេឃើញម្ចាស់រថយន្តបង្កបានចុះចេញពីរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតបាត់ ។ បន្ទាប់មកក៏ប្រទះឃើញអាវមន្ត្រីនគបាលមានពាក់ផ្កាយ១ បានបន្សល់ទុកនៅក្នុងរថយន្តបង្ក ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ