ខេត្តស្ទឹងត្រែង៖ បងប្អូនប្រជាពលជាច្រើនគ្រួសារ ដែលរស់តាមដងទន្លេ និងវាលទំនាប កំពុងព្រួយបារម្ភបញ្ហាទឹកទន្លេកំពុង ហក់ឡើងយ៉ាងកំហុកជារៀងរាល់ថ្ងៃ និងយប់ ខណ:មេឃនៅតែភ្លៀង ។
បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា មានពពកខ្មៅអួរអាប់ និងខ្យល់លាយលំជាមួយភ្លៀងធ្លាក់ជាច្រើនមេ ទៅតាមតំបន់ និងខេត្តមួយចំនួន ជារៀងរាល់ថ្ងៃធ្វើឲ្យទឹកទន្លេទាំងបួន កំពុងហក់ឡើង មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសាសាន និងទន្លេស្រែពក កំពុងវាយប្រហារជន់ជោហូរចូលលិចផលដំណាំ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុក និងក្រុងទាំងប្រាំមួយ ក្នុងខេត្តស្ទឹងត្រែង ។
ប្រជាពលរដ្ឋឈ្មោះផុន កាក់ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ បានរៀបរាប់ប្រាប់ភ្នាក់ងារយើងថា: ពួកគាត់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទឹកទន្លេដែលកំពុងហក់ឡើងយ៉ាងកំហុក ឡើងអត់ថយសោះ បច្ចុប្បន្ននេះឡើងលិចស្រែស្រូវ ពោតសណ្តែត និងផលដំណាំជាច្រើនផ្សេងទៀត ។ បច្ចុប្បន្នពួកគាត់កំពុងជញ្ជូនឥវ៉ាន់ និងគោ ក្របី ជ្រូកមាន់ ទា ជម្លៀស ចេញពីផ្ទះទៅរកទីទួលសុវត្ថិភាពជាបណ្តើរៗ រួមមានអាជ្ញាធរ និងសមត្ថកិច្ចចម្រុះចុះជួយផងដែរ តែពួកគាត់នៅតែបារម្ភ ព្រោះទឹកនៅតែហូរជន់ខ្លាំង វាអាចប៉ះពាល់ ខូចខាតដល់ផ្ទះសម្បែង និងសម្ភារ ប្រើប្រាស់មួយចំនួន ដែលយកមិនបាននោះ ។
លោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្តបានប្រាប់ភ្នាក់ងារ នគរវត្ត នៅល្ងាចថ្ងៃទី០៤ ខែកញ្ញានេះថា កម្ពស់ទឹកឡើងដល់១១,៣២ម៉ែត្រ ហួសការក្រកាសអាសន្នហើយ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ធ្វើឲ្យប៉ះពាល់ផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋទាំងប្រាំមួយក្រុង ស្រុក តែមិនប៉ះពាល់ទាំងស្រុងនោះទេ គឺប៉ះពាល់២៦ឃុំ សង្កាត់ ប្រជាពលរដ្ឋរងការប៉ះពាល់ មាន១៥៧៤គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង និងស្រុក ត្រូវបានជួយជម្លៀសមករកទទួលសុវត្ថិភាពរួចរាល់ហើយដែរ ។
លោកបន្តថា: ក្នុងការជួយសង្គ្រោះ និងចម្លៀសរកទីទួលសុវត្ថិភាព ដឹកនាំដោយលោកអភិបាលស្រុក និងក្រុងទាំងប្រាំមួយ ក្នុងនោះមានកងកម្លាំង ប្រដាប់អាវុធរួម មានអាវុធហត្ថ នគបាល បរិស្ថាន ទាំងកម្លាំងយោធា រួម និងមន្ត្រីជុំវិញស្រុក ក្រុង ខេត្ត ត្រូវត្រៀមលក្ខណៈខ្ពស់ ជួយដល់ពលរដ្ឋខ្លួនក្នុងមូលដ្ឋាន នៅរៀងរាល់ថ្ងៃ និងយប់ត្រូវរាយការណ៍ជាប្រចាំរាល់ការវិវត្តន៍របស់ទឹក មកលោកអភិបាលរងខេត្ត ទទួលបន្ទុកគ្រោះមហន្តរាយ ព្រោះបច្ចុប្បន្ននេះទឹកកំពុងហក់ឡើងឥតឈប់ឈរ ខណ:មេឃនៅកំពុងភ្លៀង ៕ មាស សុផាត