ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារលោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឫស្សីកែវទទួលផែនសេនាធិការ ដែលបានផ្ញើសារជាសំឡេងគំរាមសម្លាប់លោក លី រ៉ូហ្សាត នាយផ្នែកចរាចរណ៍ខណ្ឌឫស្សីកែវ ព្រោះតែអន្តរាគមន៍ដោះលែងអ្នកស្រវឹងម្នាក់មិនបាន ។
បញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ថា ករណីទំនាស់នេះត្រូវបានធ្វើការសម្របសម្រួលរវាងភាគីទាំងពីររួចហើយនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំឲ្យក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការកោះហៅភាគីជម្លោះទាំង២ឲ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការពន្យល់បកស្រាយលើករណីដែលបានកើតឡើងនេះ ។
លោក ចាន់ ពៅ បានសារភាពថា លោកពិតជាបានផ្ញើសារសំឡេងទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក ។
ឆ្លងតាមចម្លើយសារភាព និង ភស្តុតាងជាក់ស្តែង តាមរយ:សារជាសំឡេង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលើកទីមួយដល់លោកចាន់ ពៅ ដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នឲ្យមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ ។ ជាជំហានបន្ទាប់ បើ លោក ចាន់ ពៅ តែប្រព្រឹត្តកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តចាត់ការតាមនីតិវិធី ។
ការសម្រេចរបស់លោក ស ថេត នាពេលនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង ព្រោះសកម្មភាពរបស់លោក ចាន់ ពៅ គឺ ហួសហេតុបំផុត ដែលហ៊ានផ្ញើសារគំរាមសម្លាប់ គ្រាន់តែការអន្តរាគមន៍ដោះលែងមនុស្សស្រវឹងស្រាមិនបាន ៕