ការិយាល័យនិពន្ធកាសែតនគរវត្តទទួលបានលិខិតមួយច្បាប់ពីមិត្តអ្នកអាននៅក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដែលបានអះអាងថា ផ្លូវមួយខ្សែរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅក្នុងមូលដ្ឋានរបស់ខ្លួនបានរងការខូចខាតជាយូរណាស់មកហើយៗ សហគមន៍ក្នុងមូលដ្ឋាន ក៏បានបន្តជួសជុលជាញឹកញាប់ហូរហែមកហើយដែរ ប៉ុន្តែមិនដែលឃើញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលជាម្ចាស់ផ្លូវនេះចុះមកមើលម្តងណាឡើយ តាំងពីធ្វើរួចនៅឆ្នាំ២០១៣ ។ ប្រភពនេះបានបន្ថែមថា សហគមន៍ ក្នុងឃុំជីផុច បានត្រឹមតែដឹកដីមកបំពេញបន្ថែមកន្លែងជង្ហុកបន្តិចបន្តួចតែប៉ុណ្ណោះ ។
ប្រភពដដែលខាងលើបានអះអាងថា ផ្លូវកៅស៊ូប្រភេទ DBST ចាប់ពីភូមិជីផុច ទៅភូមិពោធិ៍រោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ប្រវែង២,៥គីឡូម៉ែត្រ ដែលជាប្រភពថវិកាជាតិ និងសាងសង់ដោយនាយកដ្ឋានវិស្វកម្ម (ក្រុម ក) ក្រសួងការពារជាតិ នៅឆ្នាំ២០១៣ បានរងការខូចខាតជាយូរណាស់មកហើយ ដោយមិនមានមន្ត្រីណាឈឺឆ្អាល ឬអន្តរាគមន៍ដើម្បីជួយសម្រួលឲ្យផ្លូវប្រវែងជាង២គីឡូម៉ែត្រនេះបានងាយស្រួលធ្វើដំណើរឡើងវិញនោះឡើយ ។ អ្នកធំមានរថយន្តជិះ ឬម៉ូតូក៏មិនខ្វល់ចំពោះផ្លូវដែលខូចខាតនេះដែរ ។ ដូច្នេះ គ្រប់គ្នាបានត្រឹមតែរអ៊ូពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ រីឯអ្នកពាក់ព័ន្ធមិនដែលមកអើតឈ្ងោកចំពោះផ្លូវនេះឡើយ ។
ប្រភពពីមិត្តអ្នកអានបានឲ្យដឹងថា អាជ្ញាធរឃុំ-ស្រុក បានដឹងអំពីការលំបាកនេះដែរ ប៉ុន្តែដោយសារថាផ្លូវនេះស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូច្នេះបានត្រឹមតែបើកភ្នែករង់ចាំមើលស្ថាប័នជំនាញចុះមកជួសជុលតែប៉ុណ្ណោះ ។ អ្នកខ្លះនិយាយថា វាជាការទទួលខុសត្រូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលគ្រាន់តែយកដីបួនដប់រថយន្តមកចាក់បំពេញជង្ហុក ក៏អាចកាត់បន្ថយការលំបាកធ្វើដំណើររបស់ប្រជាពលរដ្ឋបានដែរ ។ ប៉ុន្តែគេមិនដែលឃើញក្រុមមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងមកមើលផ្លូវមួយខ្សែ ដែលកំពុងខូចខាតនេះឡើយ ។ អ្នកភូមិដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះរំពឹងថា ក្រសួងអភិវឌ្ឍន៍ ជនបទ នឹងមើលឃើញតាមរយៈលិខិតមិត្តអ្នកអាននេះ ៕ ប្រជាពលរដ្ឋម្នាក់