ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រា វាយឆ្នាំង វាយចាន ថែមទាំងដេញកាប់ឪពុក ម្ដាយ ត្រូវបានឪពុកដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃពុធ ០៦ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩ កម្លាំងប៉ុស្តិ៍ ស្ទឹងកាច់បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ចែម ភួន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ត្រូវជាឪពុក) ពីករណីហិង្សាក្នុងគ្រួសារ (បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) ករណីដែលកើតឡើងនៅចំណុចផ្សារថៃ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បង្កឡើងដោយសារ កូនប្រុសស្រវឹងស្រា រករឿងអ្នកផ្ទះ វាយចាន វាយឆ្នាំង និងយកកាំបិតដេញកាប់ឪពុកម្ដាយមិនឲ្យចូលដេកផ្ទះ ។

ជនសង្ស័យឈ្មោះ​ ភួន គារ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាកូន) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស សារ៉េត


ចែករំលែក៖