ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមគម្រោងសាងសង់ផ្លូវថ្មើរជើងថ្មីតាមមាត់ទន្លេ ដើម្បីបម្រើដល់វិស័យទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

អាជ្ញាធររាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗ ជុំវិញគម្រោងបង្កើតផ្លូវថ្មើរជើងដែលចេញពីមុខប្រៃសណីយ៍កម្ពុជា ឆ្ពោះទៅតំបន់មុខព្រះបរមរាជវាំង នៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ-អន្តរជាតិ ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យដើរស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និងទស្សនាទេសភាពទន្លេ៤មុខ ដ៏ស្រស់ត្រកាលដោយគ្មាន ប្រទេសណាមានដូច ។

លោកអភិបាល បានណែនាំដល់ក្រុមការងារឲ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ ។

កន្លងមកនេះលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមិនអនុញ្ញាតឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលចង់បង្កើតផ្លូវថ្មើរជើងនេះ ដើម្បីបង្អួតភ្ញៀវទេសចរពីចំណុចពិសេសនៃរាជធានីភ្នំពេញ គឺមានទេសភាពនៃចំណុចប្រសព្វទន្លេ៤ ដ៏ស្រស់ស្អាតដែលទីទាក់ទាញដ៏ខ្លាំង ។

សូមបញ្ជាក់ថា គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះនឹងធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកបន្ដថា៖ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ មានការចូលរួម ពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងផ្លូវថ្មើរជើងមួយនេះ ( Walk Street ) ឱ្យចេញជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង៕ សំរិត


ចែករំលែក៖