ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបើកទ្វារចំហរ អាចឲ្យមានជំនួបមួយជាមួយមេដឹកនាំអ៊ីរ៉ង់ លោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងអំឡុងសម័យប្រជុំពេញអង្គខាងមុខរបស់អង្គការសហប្រជាជាតិ ។ សម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងទីក្រុងញូវយ៉ក នឹងប្រព្រឹត្តទៅ នាពេលដ៏ឆាប់ៗខាងមុខនេះ នៅលើទឹកដីអាមេរិក ហើយនៅក្នុងឱកាសនោះដែរ មេដឹកនាំអាមេរិក និងអ៊ីរ៉ង់ អាចនឹងជួបពិភាក្សាគ្នាដោះស្រាយវិបត្តិ ដែលកំពុងតានតឹងខ្លាំងឡើង នាពេលបច្ចុប្បន្ននេះ ។
លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅឯសេតវិមាន នៅពេលសាកសួរ អំពីលទ្ធភាពជួបពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់នោះ ដោយលោកបានបញ្ជាក់ថា គ្រប់យ៉ាង គឺអាចទៅរួច។
លោក ត្រាំ បានថ្លែងថា «ពិតណាស់ គ្រប់យ៉ាងអាចទៅរួច ។ ពួកគេអាចចង់ដោះស្រាយបញ្ហារបស់ពួកគេ» លោកប្រធានាធិបតីនិយាយសំដៅដល់អតិផរណានៅក្នុងប្រទេសអ៊ីរ៉ង់ ។ លោក ត្រាំ បានបញ្ជាក់ថា «យើងអាចដោះស្រាយបញ្ហានេះ ក្នុងរយៈពេល២៤ម៉ោង» ។
លោក ដូណាល់ ត្រាំ បានថ្លែងជាញឹកញាប់រួចមកហើយថា លោកអាចបើកកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់ ទេ ដែលច្រានចោលរាល់កិច្ចពិភាក្សាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន ដរាបណាទណ្ឌកម្មមិនទាន់ត្រូវបានដកចេញជាមុនសិនទេនោះ ។
សហរដ្ឋអាមេរិកបានដាក់គំនាបលើអ៊ីរ៉ង់ ដោយការដាក់ទណ្ឌកម្ម កាលពីឆ្នាំមុន ខណៈទីក្រុងវ៉ាស៊ីនតោនបោះបង់ ហើយដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។
ខណៈប្រទេសសហគមន៍អឺរ៉ុប រួមមាន បារាំងផង បាន និង កំពុងព្យាយាមជំរុញអ៊ីរ៉ង់ឲ្យរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឲ្យនៅដដែល កុំបោះបង់វាចោល ហើយសហគមន៍អឺរ៉ុបសន្យាផ្តល់ប្រាក់ប្រហែល១៥ពាន់លានដុល្លារអាមេរិកឲ្យដល់អ៊ីរ៉ង់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសនេះ កុំឲ្យរងគ្រោះធ្ងន់ធ្ងរពេក ដោយសារការដាក់ទណ្ឌកម្មរបស់អាមេរិក ៕