ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូត្រឡប់មកផ្ទះទាំងស្រវឹង ដួលបោកស្លាប់់ម្នាក់ របួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់នៅនឹងកន្លែង ២នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកចោមរោមមើល ដោយសារជិះម៉ូតូទំនងស្រវឹងស្រារេចង្កូតដួលបោក និងថ្នល់កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លកសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់់មានឈ្មោះមាសសារ៉ាត់អាយុ៣០ឆ្នាំមុខរបរបើករថយន្តរស់នៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

ប្រភពបន្តថា អ្នករងរបួសធ្ងន់មានឈ្មោះ មាស សារុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ និងឈ្មោះ សោម សុផាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសំណង់ អ្នកទាំង៣រស់ក្នុងភូមិ សង្កាត់ ជាមួយគ្នា ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង ១A ៣៣២១ នៅលើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បួងមកជើង ទំនងស្រវឹងស្រា ស្រាប់តែរេចង្កូតដួលបោកនឹងថ្នល់បែកក្បាលហូរឈាមបង្កការភ្ញាក់ផ្អើលតែលម្ដង ។

ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកអ្នកស្លាប់់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសារអ្នកទាំងបីសេពគ្រឿងស្រវឹងក្នុងខ្លួន ៕ យឹម សុថាន


ចែករំលែក៖