ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូវ៉ាជែងរថយន្តជ្រុលទៅបុកចូលរថយន្តមួយគ្រឿងទៀតសន្លប់ឈឹង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់រងរបួស សន្លប់វង្វេងបាត់ស្មារតី ខណះជិះម៉ូតូវ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខរថយន្តបែនបើកច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ តាកែវ 1S-5967 ធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលទៅបំណែកគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខរថយន្ត បែន កង់៦ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS -0534 កំពុងបើកបញ្ច្រាស់ទិស បណ្តាលឲ្យអ្នកបើកបរម៉ូតូ បោកផ្ទប់រថយន្តរងរបួសធ្ងន់ បាក់ថ្កាមស្តាំ បែកមុខហូរឈាម វង្វេងបាត់ស្មារតី ម៉ូតូកល់គៀបជាប់ពីក្រោម រីឯអ្នកបើកបររថយន្តវិញ ឃើញសភាពមិនស្រួល ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖