បើទោះជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានផ្លាស់ប្តូរក៏ដោយ ក៏បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំមិនថមថយនោះឡើយ ។ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម មិនបានធ្វើឲ្យប្រសើរឡើង ឬកាត់បន្ថយបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នោះឡើយ ។ ដោយសារតែបទល្មើសមិនថយចុះនោះហើយទើបក្រសួងមហាផ្ទៃកាលពីចុងខែសីហា បានចាត់មន្ត្រីជាន់ខ្ពស់មួយក្រុមឲ្យចុះទៅពិនិត្យមើលបទ ល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ តាមចំណាររបស់ប្រមុខរាជរដ្ឋាភិបាល ។
បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ផ្អើលដល់ប្រមុខរាជរដ្ឋាភិបាល ក៏អភិបាលខេត្តកំពង់ធំលោកសុខ លូ ក៏ដូចជាប្រធានមន្ទីរកសិកម្ម លោក ប៉ែន វណ្ណារិទ្ធ , ប្រធានមន្ទីរបរិស្ថាន លោក តុប កក្កដា ជាពិសេសនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ប៊ុន សុធី មិនខ្វល់អំពីបញ្ហានេះឡើយ ។ បទល្មើសព្រៃឈើនៅតែមើលឃើញដោយផ្ទាល់ភ្នែក ទាំងក្នុងតំបន់ដែលគ្រប់គ្រងដោយបរិស្ថាន ក៏ដូចជារដ្ឋបាលព្រៃឈើ ។ នេះជាមុខមាត់មួយដែលអាជ្ញាធរខេត្តកំពង់ធំបាននឹងកំពុងធ្វើឲ្យប្រមុខដឹកនាំជាពិសេសក្រសួងមហាផ្ទៃចាប់អារម្មណ៍ ។
លោក ប៊ុន សុធី ត្រូវបានគេអះអាងថា មិនញញើតនរណាទាំងអស់ ពោលគឺឃុបឃិតឲ្យមានបទល្មើសនៃការដឹកជញ្ជូនឈើជាចំហ ហើយក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ជាអ្នកបង្កឲ្យមានបទល្មើស តាមរយៈការបើកដៃឲ្យឈ្មួញ កាប់និងដឹកជញ្ជូនដោយសេរី ហើយ ពួកខ្លួនជាមេព្រៃចាំយកប្រាក់ដោយស្រួលៗ។ ពួកឈ្មួញដឹកឈើកាត់ស្នាក់ការមេព្រៃទាំងយប់ ទាំងថ្ងៃ ដោយគ្រាន់តែបង់ប្រាក់ជាការស្រេច ។ ឈ្មួញដែលមិនបង់ប្រាក់ត្រូវប្រឈមនឹងការចាប់បង្ហាញស្នាដៃឲ្យថ្នាក់លើបានឃើញ ។ គេរំពឹងថា ក្រុមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលចុះទៅតំបន់ព្រៃឡង់មើលឲ្យឃើញអំពីករណីនេះផង ៕