ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអុីនធឺណេតមួយកន្លែងយីហោ5G ដែលស្ថិតនៅច្រកចូលផ្សារទំនើបសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ស្នើរសុំអាជ្ញាធរខណ្ឌបឹងកេងកង ដែលទើបមកកាន់តំណែងថ្មីៗ សូមមេត្តាចុះពិនិត្យនិងបង្ក្រាបទីតាំងនេះផង ព្រោះលួចបង្កប់ល្បែងសុីសងគ្រប់ប្រភេទតាមប្រព័ន្ធO nline ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីសុខសុវត្តិភាពក្នុងការរស់នៅរបស់ពួកគាត់ ។
តាមសម្តីប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងខាងលើតែងតែមានក្រុមក្មេងទំនើងចេញចូលជាហូហែរមិនចេះដាច់ ជាពិសេសគឺថា ទាំងយប់ទាំងថ្ងៃតែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រែងក្រុមក្មេងទំនើងទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ ឬអំពើផ្សេងៗជាដើម ។
គួររំលឹកផងដែរថា បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ល-ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ។
ចុងក្រោយប្រជាពលរដ្ឋក៏សូមសំណូមពរដល់លោក ធឹម សំអាន ដែលជាអភិបាលខណ្ឌបឹងកេងកង ដែលទើបនឹងកាន់តំណែងថ្មីៗនេះ មេត្តាចុះពិនិត្យនិងបង្ក្រាបទីតាំងនេះផង ដើម្បីធានាបានសុខសុវត្តិភាពជូនពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឃុំ ភូមិ មានសុវត្ថិភាព ៕ស រស្មី