ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ដោយពលរដ្ឋបានយល់ច្បាស់ស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទើបពួកគាត់នាំគ្នាប្រគល់អាវុធកែច្នៃកាំភ្លើងខ្យល់ចំនួន១៦ដើមរួមនឹងបំពង់ទប់ខ្យល់ចំនួន៣ ជូនសមត្ថកិច្ចស្រុកស្វាយលើ ខេត្តសៀមរាបថែរក្សាបន្ត ។
ការទទួលអាវុធកែច្នៃនេះដែរ បានធ្វើឡើងស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញាថា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយលើស្រុកស្វាយលើបានសហការជាមួយកម្លាំងពាក់ព័ន្ធនឹងមេភូមិបិតផ្កា ឃុំស្វាយលើបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
មន្ត្រីដដែលបានបន្តថា ក្រោយពីបានស្តាប់ការផ្សព្វផ្សាយចប់ប្រជាពលរដ្ឋភូមិបិតផ្កាបានស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃកាំភ្លើងខ្យល់ជូនដល់សមត្ថកិច្ចសរុបចំនួន១៦ដើមរួម និងបំពង់ទប់ខ្យល់ចំនួន៣ ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះមានអាវុធកែច្នៃប្រភេទខ្យល់សរុបចំនួន១៨០ដើមហើយដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ជូនដល់សមត្ថកិច្ចនគរបាល ។ ក្នុងនោះ នៅស្រុកស្វាយលើ ចំនួន ១៥៨ ដើមមានប្រភេទអាវុធខ្យល់ចំនួន៥៨ដើម និងអាវុធព្រៃចំនួន៩៩ដើមនិងនៅស្រុកវ៉ារិនចំនួន២២ដើមជាប្រភេទអាវុធខ្យល់ ។
លោកអធិការស្រុកបញ្ជាក់ថា សូមបងប្អូនពលរដ្ឋភ្ញាក់រលឹកឡើង និងមិនត្រូវរក្សាទុកអាវុធខុសច្បាប់នោះទេ ព្រោះវាជាទង្វើល្មើសច្បាប់ ។ ត្រូវយកមកប្រគល់ឲ្យសមត្ថកិច្ចគ្រប់គ្រងបន្តទើបជាការប្រសើរ ៕ ប៊ុនរិទ្ធី