ព័ត៌មានទាន់ហេតុការណ៍៖

ទោះមានវិវាទ នៅសមុទ្រចិនខាងត្បូង តែភ្ញៀវទេសចរ​ចិន​ជាង១លាននាក់ទៅកម្សាន្ដ នៅក្នុងប្រទេស​ហ្វីលីពីន

ចែករំលែក៖

វិវាទនៅតំបន់សមុទ្រចិនខាងត្បូងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនង​ចិន និងហ្វីលីពីន ។ ប៉ុន្តែ​ពលរដ្ឋចិន​នៅតែទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពិន​ជាច្រើន នៅក្នុងឆ្នាំនេះ ។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍​ហ្វីលីពីន​ បានបញ្ជាក់​ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ថា ភ្ញៀវទេសចរ​ចិន​ ជាង​១លាននាក់ ​បានទៅកាន់​ប្រទេសហ្វីលីពីន​​ ចាប់ពីខែមករា រហូតដល់ខែ​កក្កដា ឆ្នាំ២០១៩នេះ ។​

ប្រភពពព័ត៌មាន បញ្ជាក់ថា ភ្ញៀវទេសចរ​បរទេស បាន​ធ្វើដំណើរទៅកម្សាន្ត ​​នៅក្នុងប្រទេសហ្វីលីពីន​ មានការកើនឡើង​​១២.៤ភាគរយ ប្រៀបធៀប​នឹងអំឡុងពេល​៧ខែដូចគ្នា កាលពីឆ្នាំកន្លងទៅ គឺមានសរុប​ប្រហែល៤.៨៥លាននាក់ ។

ភ្ញៀវទេសចរ​ មកពីកូរ៉េខាងត្បូង​ នៅតែឈរ​លំដាប់​កំពូលគេ ក្នុងទីផ្សារ​ទេសចរណ៍​បរទេស​របស់ហ្វីលីពីន។ ភ្ញៀវមកពីកូរ៉េខាងត្បូង​ មានរហូតដល់ ១ ១១៣ ២៧៤ នាក់ ។ បន្ទាប់មក​ គឺភ្ញៀវ​ទេសចរចិន មានចំនួន ១ ០៣៨ ៤០៩ នាក់។ ភ្ញៀវ​ទេសចរ​អាម៉េរិក​ ឈរលំដាប់ទី៣ មានចំនួន​៦៦៣ ១១៦នាក់ បន្ទាប់មក គឺ​ភ្ញៀវទេសចរ​ជប៉ុន ឈរលំដាប់ទី៤ ដែលមានចំនួន ៣៨២ ៦៣៤​នាក់ ។

ហ្វីលីពីន​បានដាក់ផែនការ​សម្រេចឲ្យបាន​ភ្ញៀវទេសចរ​កើន​ឡើងដល់ ៨.២លាននាក់ ក្នុងឆ្នាំ២០១៩នេះ​ ច្រើនជាងមួយលាននាក់ គោលដៅ​ កាលពីឆ្នាំ២០១៨ ។ វិស័យទេសចរណ៍​ ត្រូវរដ្ឋាភិបាល​ហ្វីលីពីន​ចាត់ទុកថា ជាវិស័យ​ដ៏មានសារសំខាន់ ក្នុងការជួយជ្រោងសេដ្ឋកិច្ច​របស់ជាតិ​ ឲ្យកាន់តែរីកចម្រើនជឿនលឿន ។

រដ្ឋាភិបាលហ្វីលីពីន បានអះអាងថា ក្រសួងទេសចរណ៍​ហ្វីលីពីន បានទទួលខុសត្រូវ ក្នុងកិច្ចការងាររបស់ពលរដ្ឋ​ប្រហែល​ ៥.៤ លាននាក់​ តាមរយៈវិស័យទេសចរណ៍​ ក្នុងឆ្នាំ២០១៨ ហើយបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ​ប្រហែល ​៤១.៩៦ លានដុល្លារ សម្រាប់​ផលិតផលដុលក្នុងស្រុក​ (GDP) ៕


ចែករំលែក៖