ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយការិយាល័យនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានចុះទៅជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកសាប៊ូមួយកន្លែង រហូតឆេះរាលដាលដល់បន្ទប់គេង តែត្រូវម្ចាស់ឃ្លាំងដឹងខ្លួនទាន់ ក៏នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ផងដែរ ។
ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៨ ខែសីហា នៅចំណុចផ្ទះលេខ២ ផ្លូវ៣៤៨ កែងនឹងផ្លូវ៩៥ ភូមិ២១ ក្រុម៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីម្ចាស់ឃ្លាំងឈ្មោះ ង៉ូវ សេងគួង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរលក់ដូរ បានឲ្យដឹងថា មូលហេតុ គឺបណ្ដាលឲ្យមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងឃ្លាំងស្តុកសាប៊ូ ទើបបង្កជាអគ្គិភ័យឆាបឆេះពិតាន រួចឆេះរាលដាលដល់សម្ភារៈក្នុងបន្ទប់បង្កជាផ្សេងហ៊ុយទ្រលោម ។ ភ្លាមៗនោះពួកគាត់ដឹងខ្លួនទាន់ក៏នាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ ទើបភ្លើងក៏រលត់ទៅវិញជិតអស់ហើយ ដោយមិនទុកចិត្តពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកជួយធ្វើអន្តរាគមន៍ជាច្រើនគ្រឿងរហូតបាញ់រលត់ទៅវិញមិនឆេះរាលដាល់ដល់ទីតាំងផ្សេងទៀត ។ បន្ទាប់ពីកើតហេតុ ក្រុមប្រតិបត្តិការបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួនមួយគ្រឿង ។
ក្រោយកើតហេតុអគ្គីភ័យឆាបឆេះបន្ទប់គេងក្នុងឃ្លាំងស្តុកសាប៊ូខាងលើនេះ គឺបណ្តាលឱ្យរងការខូចខាតសម្ភារៈនៅក្នុងបន្ទប់គេង និងកេសសាប៊ូកក់សក់តិចតួចតែប៉ុណ្ណោះ ហើយមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ៕ស រស្មី