ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះថាទៅទិញអីហូបមួយភ្លែត បែរជាយកទៅដោះដូរស៊ីគ្រឿងត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីយុវជនរូបនេះ បានខ្ចីម៉ូតូមិត្ដភក្ដិរបស់ខ្លួនថា ជិះទៅទិញអីហូបមួយភ្លែត តែបែជាយកម៉ូតូគេនោះ ទៅដោះដូរស៊ីគ្រឿងទៅវិញ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ុន ប៊ុនធាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សំណាង កណាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមកវិញមានម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-1292  (ម៉ូតូជនរងគ្រោះ) ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះជាម្ចាស់ម៉ូតូ បានជិះម៉ូតូរបស់ខ្លួនម៉ាកនិច ទៅផឹកស្រានៅរោងចាំចំការរបស់ឈ្មោះ ធឿន នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ជាមួយជនសង្ស័យឈ្មោះ ប៉ុន ប៊ុនធាន រួមទាំងបក្ខពួកជាច្រើននាក់ទៀតផងដែរ លុះមកដល់ម៉ោងប្រមាណ១៤ ថ្ងៃដដែល ស្រាប់តែជនសង្ស័យឈ្មោះ ប៉ុន ប៊ុនធាន បានខ្ចីម៉ូតូរបស់របស់ជនរងគ្រោះថា ទៅរកទិញអីហូបមួយភ្លែត ខណៈនោះជនរងគ្រោះក៏ឲ្យម៉ូតូទៅជនសង្ស័យជិះ ដោយជនសង្ស័យបានឌុបយុវនារីម្នាក់ឈ្មោះ ម៉ែន ស៊ីថូ ទៅជាមួយផងដែរ ។

ប្រភពដដែលបានបន្ដទៀតថា បន្ទាប់ពីជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះទៅបាត់ហើយ ជនរងគ្រោះជាម្ចាស់ម៉ូតូនៅទន្ទឹងរងចាំមើលផ្លូវយ៉ាងយូរ មិនឃើញជនសង្ស័យត្រឡប់មកវិញ ក៏ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រះប្រសប់ ដើម្បីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកម៉ូតូមកវិញ ។ រហូតមកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៨និង៣០នាទី ស្រាប់តែជនរងគ្រោះឃើញជនសង្ស័យចូលមកមូលដ្ឋានវិញ ក៏ឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា កាលពីថ្ងៃកើតហេតុ ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះប្រាកដមែន បន្ទាប់ពីខ្លួនបានខ្ចីម៉ូតូជនរងគ្រោះរួចហើយ ខ្លួនបានឌុបយុវនារីម្នាក់ ទៅរាជធានីភ្នំពេញ រហូតដល់ម៉ោង១៧និង៣០នាទី ខ្លួនបានយកយុវនារីនោះទៅទុកនៅផ្ទះសំណាក់លីហួរ  ហើយបានយកម៉ូតូជនរងគ្រោះទៅដោះដូរស៊ីគ្រឿងនៅផ្សារឃ្លាំងរំសេវ ដោយលក់កុងទ័រ ,ក្បាំងមុខ ,បូមមុខ ,ប៊ិចសាំង ,អាគុយ ,កាងក្រោយ និងកន្ត្រក់មុខ បានប្រាក់ចំនួន ៩៧ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីបានប្រាក់ហើយ ខ្លួនបានយកទៅស៊ីចាយជាមួយនារីឈ្មោះ ម៉ែន ស៊ីថូ និងទិញថ្នាំញៀនប្រើប្រាស់ផងដែរ  ៕ ស្អាង ជ័យ​


ចែករំលែក៖