ភ្នំពេញ៖ ដើម្បីអនុវត្តវិធានការក្ដៅចំពោះបុគ្គលមួយចំនួនដែលតែងតែ យករថយន្តមកចតនៅលើចិញ្ចើមផ្លូវសម្រាបអ្នកថ្មើរជើង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការអូស ស្ទួច រថយន្តចំនួន០២គ្រឿង ដែលចតនៅលើផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីព្រះនរោត្ដម យកទៅរក្សាទុក នៅអធិការខណ្ឌដូនពេញ រយៈពេល១៤ថ្ងៃទុកជាការព្រមានដល់ម្ចាស់រថយន្តទាំងនោះ ។
យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈភិបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលខណ្ឌ នឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយៈពេល ១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ ។
ដូច្នេះ សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសណ្តាប់ធ្នាប់ និង សោភ័ណភាពទីក្រុងរបស់យើងឲ្យមានភាពស្រស់ស្អាត ៕ ស តារា