ព័ត៌មានទាន់ហេតុការណ៍៖

អតីតថៅកែកុនប្រកាសពង្រីកអាជីកម្មហាងថ្មី ក្រោមវត្តមានសិល្បករកុះករចូលរួម

ចែករំលែក៖

ភ្នំពេញ៖ ក្រោយផ្អាកការផលិតភាពយន្តមួយរយៈពេលវែង ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិត អ្នកស្រី ចាន់ណា សុខឃីម សំងំបើកហាងបុកល្ហុង និងអាហារសម្រន់កាន់តែល្បីឈ្មោះលើស្លាកយីយោ”ស្នាដៃប្តីខ្ញុំ”។ ពង្រីកហាងកាន់តែធំនិងមកតំបន់ពោរពេញដោយមនុស្សច្រើនកុះករ អតីតផលិតករូបនេះអញ្ជើញសុទ្ធតែសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមសម្ពោធ។

អ្នកស្រីចាន់ណា សុខឃីម ត្រូវបានគេស្គាល់ថាជាអតីតចាងហ្វាងផលិតកម្មដែលធ្លាបវិនិយោគលើស្នាដៃរឿង”កំណត់ហេតុនាងនាថ”​និង “សរសរកន្លោង”ជាដើម។ ផ្អាកផលិតអស់ជាង២ឆ្នាំ អ្នកស្រីបានចេញទៅសិក្សាលើជំនាញធ្វើអាហារសម្រន់ពេញនិយមមួយចំនួនពីប្រទេសជិតខាងហើយសាកល្បងបើកហាងចាប់តាំងពីទ្រង់ទ្រាយតូចរហូតដល់ធំ។ អ្នកស្រីថានៅតែសន្សំចិត្តវិលទៅរកការផលិតភាពយន្តដដែល ប៉ុន្តែត្រូវពង្រឹងរបររកស៊ីជាមុនសិនដើម្បីមានដើមទុន។ អ្នកស្រីថាចាប់ផ្តើមពីបើកដំណើរការដំបូងជាហាងតូបតូចមួយរហូតដល់ផ្ទះល្វែង ហើយពេលនេះត្រូវពង្រីកមកជាហាងធំមួយនៅម្តុំខាងក្រោយព្រះមរមរាជវាំងតែម្តង។

អ្នកស្រីមិនបានបញ្ជាក់ទេថាទុននៃការបើកដំណើរការហាងនេះមានចំនួនប៉ុណ្ណាទេ ។ អ្នកស្រីថាភ្ញៀវដែលចូលរួមពេលនេះមានទាំងអ្នកស្គាល់ជិតដិត ក៏មានសិល្បករដែលជាអ្នកស្រលាញ់រាប់អាន និងជាម៉ូយប្រចាំហាងអ្នកស្រីកន្លងមកដែរ។ អ្នកស្រីថាហាងថ្មីពង្រីកកាន់តែធំងាយចតយានយន្តធំជាងមុន និងបន្ថែមមុខម្ហូបពិសេសជាច្រើនបន្ថែមលើអាហារប្រចាំហាងគឺបុកល្ហុង បុកពោតដ៏ល្បីល្បាញ។ អ្នកស្រីថានៅពេលដែលដំណើរការហាងរលូន និងមានធនធានច្រើនបន្ថែមអ្នកស្រីនឹងបន្តការផលិតភាពយន្តជាថ្មីនៅថ្ងៃណាមួយ ហើយសង្ឃឹមថាទស្សនិកជននឹងបន្តរងចាំ៕ វឌ្ឍនា


ចែករំលែក៖