ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើក​សម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ

ចែករំលែក៖

ក្រុងក្រចេះ៖  ថ្ងៃទី ​​៩ ខែកញ្ញា ឆ្នាំ២០១៩ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយនៅប្រទេសកម្ពុជា បានបើក​សម្ភោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។  ការបង្កើតសាខាថ្មីមួយនេះ ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរលើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់ក្រុមគួ្រសារក្នុងព្រះរាជាណាចក្រកម្ពុជា​។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បច្ចុប្បន្នមានវត្តមាននៅខេត្តក្រចេះ   ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។  ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីគ្របដណ្តប់ទីក្រុងសំខាន់ៗដទៃទៀត នាពេលអនាគតផងដែរ​។ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចរកបានតាមរយៈ ធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៣ ដែលមានសាខាចំនួន ១៥៦ ទូទាំងប្រទេស។

លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពដែល​ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស និងជាក្រុមហ៊ុនដែលអតិថិជនមានជំនឿទុកចិត្តបំផុត។ យើងប្តេជ្ញាបម្រើសេចក្តីត្រូវការ​លើ​ការ​ការពារដល់ប្រជាពលរដ្ឋខ្មែរ និងជួយពួកគាត់​ឱ្យ​សម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់​ពួក​គាត់ តាមរយៈការផ្តល់ជូននូវសេវាកម្មជំនាញ និងដំណោះស្រាយដ៏​ល្អបំផុតរបស់យើង»។លោកបានបន្ថែមទៀតថា៖ «ការបើកសម្ភោធសាខាថ្មី​របស់យើងនៅខេត្តក្រចេះនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការផ្ដល់ដំណោះស្រាយ​លើ​ការ​ការពារសុខភាព និងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទាំងអស់ មិន​ថា ពួកគាត់​មានទីលំនៅនៅកណ្តាលទីក្រុងធំៗ  រាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តដ៏ស្រស់ស្អាត ដូចជាខេត្តក្រចេះក៏​ដោយ។

ថ្មីនេះៗ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រចបាន​នូវ​សមិទ្ធផល​ដ៏អស្ចារ្យមួយ​  ដែលបាន​ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបាន​លក់​​បណ្ណសន្យា​​រ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ​ដោយក្នុងនោះមានទឹកប្រាក់ការពារ ​និងសន្សំសរុបប្រមាណជាង ៤,៣ ពាន់លានដុល្លារ (គិតត្រឹម ខែមិថុនា ឆ្នាំ ២០១៩) ដែល​នេះ​ជា​ការ​ឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។

ថ្លែងក្នុងពិធីសម្ពោធ​នេះ លោក អ៊ិន មាត្រា តំណាង​ជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ លើក​ទឹក​ចិត្ត​ឱ្យ ​ក្រុមហ៊ុន​ព្រូដិន​សល​កម្ពុជា បន្ត​ផ្តោត​​លើ​ការ​ងារ​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ​។ លោក​មាន​ប្រសាសន៍ថាទោះ​បី ក្រុមហ៊ុន​ព្រូដិន​សល​កម្ពុជា ទើប​តែ​បាន​ចាប់​ផ្តើម​​ដំណើរ​ការ​ប្រតិ​បត្តិ​ការ​របស់ខ្លួន​ក្នុង​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៣​​​ក៏ដោយ ប៉ុន្តែ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​តែ​នាំមុខ​គេ​​ក្នុង​ទីផ្សារ​នេះ​។ លោក​ចង់​សង្កត់​ធ្ងន់​ថា សន្តិ​សុខ​ហិរញ្ញ​វត្ថុ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​យើង​ទាំង​អស់គ្នា ហើយ​ក្រុមហ៊ុន​ព្រូដិន​សល​កម្ពុជា ​ផ្តល់​ជូន​សេវា​កម្ម​ដ៏មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​។ វិស័យ​ធា​នា​រ៉ាប់​រង មាន​សមាស​ធាតុ​២​សំខាន់​ៗ គឺ​ការ​ផ្តល់​ការ​​សន្សំ​សំ​ចៃ​ប្រាក់ និង​ការ​ការ​ពារ ដែល​ខុស​ពី​វិស័យ​ផ្សេង​ទៀត​។

កាល​ពី​ខែមករា ឆ្នាំនេះ ​ក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO របស់ខ្លួន  ដើម្បីណែនាំនូវទំព័រនៃការផ្សព្វផ្សាយថ្មី និងរស់រវើកនៃកិត្តិនាមដែលជាទីទុកចិត្តបំផុតរបស់ក្រុមហ៊ុន។​  យុទ្ធនាការនេះផ្តោតទៅលើមូលបទមួយចំនួនដូចជា​ ការច្នៃប្រឌិតថ្មី  ការការពារហិរញ្ញវត្ថុ និងការថែទាំសុខភាពរាងកាយ  ហើយមូលបទទាំងនេះបានបង្កើតនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព  និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕ វឌ្ឍនា


ចែករំលែក៖