ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងតែដើរហាត់ប្រាណនិងអ្នករត់ឡំប្រឺតា នៅតាមបណ្ដោយផ្លូវវេងស្រេងនាំគ្នារត់យកប្រាសអាយុរៀងៗខ្លួន ខណៈដែលបុរសម្នាក់ សង្ស័យស្រវឹងស្រាបានជិះម៉ូតូមួយគ្រឿងមកគំរាមអ្នករត់ឡំប្រឺតា រួចដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលទាំងព្រលឹម ។
ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភ្លើងស្តុបផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីបុរសម្នាក់ស្លៀកស៊ីវិល បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ទំនងជាស្រវឹងមិនដឹងមានរឿងអ្វីនោះទេ បានមកគំរាមកំហែងពួកគេនិងអ្នករត់ឡំប្រឺតា (Pass App) កំពុងដេកលក់ រួចក៏ដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ឡើងលើចំនួន១គ្រាប់ និងបានគំរាមសម្លាប់អ្នករត់ឡំប្រឺតាទៀតផង បង្កការភា្ញក់ផ្អើលប្រជាពលរដ្ឋដែលកំពុងតែដើរហាត់ប្រាណនាពេលព្រឹករត់ជាន់ជើងគ្នា ហើយជនបង្កបានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចជំនាញនោះទេ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ដើម្បីរកសំបកគ្រាប់កាំភ្លើងផងដែរ ៕ ភារ៉ា ដង្កោ