ព័ត៌មានទាន់ហេតុការណ៍៖

មុនឡើងយន្តហោះទៅមីយ៉ាន់ម៉ា ទ្រី តារាវុធ បានត្រៀមអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ទ្រី តារាវុធ បានឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Year ហើយកាលពីព្រឹកថ្ងៃទី១២ខែកញ្ញា ។ ថ្លែងមុនពេលហោះទៅចូលរួមកម្មវិធីនេះ តារារូបនេះបានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចនូវចំណុចពិសេសៗមួយចំនួនដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រឡងសម្រស់ផ្នែកបុរស​ដែលកម្ពុជាចូលរួមដំបូងឆ្នាំនេះ ។

តារាសម្តែងលេខមុខក្នុងតំណែងតួឯកជាច្រើនរឿងបន្តបន្ទាប់ លោក ទ្រី តារាវុធ បានក្លាយជាបុរសទី១នៅកម្ពុជាដែលទទួលបានឱកាសចេញទៅ​ចូលរួមប្រកួតផ្នែកសម្រស់ព្រឹត្តិការណ៍ប្រកួត Man Of The Year ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្នុងនោះយ៉ាងហោចណាស់មានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណ២០មកពីជុំវិញពិភពលោកចូលរួមប្រកួត។ តារាសម្តែង និងពិធីកររូបនេះបញ្ជាក់មុនឡើងយន្តហោះថា លោកបានត្រៀមដោយការហ្វឹកហាត់ជាយូរខែមកហើយ ដូចជាសម្លៀកបំពាក់តំណាងជាតិ ទាំងការដើរបង្ហាញម៉ូត ការថែទាំសម្រស់ ការហ្វឹកហាត់ឆ្លើយសំណួរ ហ្វឹកហាត់ជាពិធីករជាដើម។

លោកថា ការចេញដំណើរលើកនេះ​គឺលោកធ្វើដំណើរតែម្នាក់ឯងហើយការប្រើប្រាស់ភាសាគោលសម្រាប់កម្មវិធីនេះគឺភាសាអង់គ្លេសហើយលោកក៏មិនបារម្ភលើការប្រើប្រាស់ភាសាទេខណៈកន្លងទៅលោកក៏ធ្លាប់បម្រើការងារជាមួយក្រុមផលិតករបរទេសផងដែរ។

លោកបញ្ជាក់ថាសម្រាប់ក្តីរំពឹងយ៉ាងណាលោកនៅមិនទាន់​ច្បាស់នៅឡើយគឺអាស្រ័យលើការគាំទ្ររបស់ទស្សនិកជន និងការពេញចិត្តរបស់គណៈកម្មការ ប៉ុន្តែអ្វីដែលលោកឈ្នះរួចហើយគឺឱកាសលើកដំបូងជាបេក្ខភាពពីកម្ពុជាចូលរួមលើកដំបូងក្នុងកម្មវិធីខាងលើ ហើយអ្វីដែលលោកធ្វើបានគឺលោកប្រឹងប្រែងអស់ពីលទ្ធភាពរួចហើយផងដែរ។

គួរបញ្ជាក់ដែរថា លោកទ្រី តារារុធ អាយុ២៤ឆ្នាំគឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ដ៏មានប្រជាប្រិយ ។ ក្រុមហ៊ុន Arise Agency ដែលបានជ្រើសរើសរូបលោកជាបេក្ខជនតំណាងពីកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍ទ្រង់ទ្រាយអន្តរជាតិដ៏ធំមួយនេះ។ លោកគឺជាអតីត Frishie Boy  ចំណាត់ថ្នាក់លេខ១ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង “កំណត់ហេតុនាងនាថ” រឿង “សរសរកន្លោង” រឿង”ភូមិគ្រឹះជំពាក់ស្នេហ៍” រឿង”កុំងាកក្រោយ” ជាដើម៕ វឌ្ឍនា


ចែករំលែក៖