ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់ លោមស្នេហ៍បុរសជាពលករនៅប្រទេសកូរ៉េ ឆបោកប្រាក់ជិត២ម៉ឺនដុល្លារ ថានឹងរៀបការជាមួយគ្នាពេលត្រឡប់មកពីកូរ៉េ​វិញ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់មានឈ្មោះ ផេង ស៊ូអាន អាយុប្រហែល៣០ឆ្នាំ ជនជាតិចិនកាត់វៀតណាម ត្រូវបានកំលោះសង្ហារម្នាក់ ដែលជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកស្វែងរកនារីរូបស្រស់ម្នាក់នោះ ក្រោយពីនាងបានលួងលោមប្រលោមស្នេហ៍ រហូតធ្វើឲ្យខ្លួនធ្លាក់ក្នុងអន្លង់ស្នេហ៍និងផ្ញើប្រាក់ឲ្យនាងជិត២ម៉ឺនដុល្លារ ដោយនិយាយថានឹងរៀបការជាមួយគ្នាពេលត្រឡប់មកពីកូរ៉េវិញ ។

តាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុករបស់ឈ្មោះ សែម មករា អាយុ២៨ឆ្នាំ មានទីលំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសកូរ៉េ បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា រូបគេគឺជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានឲ្យបណ្ដាញសង្គមហ្វេសប៊ុកក្នុងស្រុកមួយជួយឡាយស៍ប្រកាសរកនារីម្នាក់មានឈ្មោះ ផេង ស៊ូអាន បន្ទាប់ពីចាញ់បោកនាងអស់ប្រាក់រាប់ម៉ឺនដុល្លារ ដោយសារតែស្គាល់គ្នាតាមរយៈសង្គមហ្វេសបុក ។

តាមប្រភពព័ត៍មានពីជនរងគ្រោះ បានរៀបរាប់តាមបណ្ដាញសង្គមហ្វេសប៊ុកថា ដំបូងឡើយរូបគេមានឈ្មោះ សែម មករា អាយុ២៨ឆ្នាំ ជាពលករទើបមកពីប្រទេសកូរ៉េ បានស្គាល់នារីម្នាក់មានឈ្មោះ ផេង ស៊ូអាន អាយុប្រហែលជាង៣០ឆ្នាំ ជនជាតិចិនកាត់វៀតណាម រស់នៅម្ដុំផ្សារជម្ពូវ័ន្ដ ខណ្ឌេពោធិ៍សែនជ័យ តាមរយៈហ្វេសបុក បន្ទាប់ពីបានស្គាល់គ្នាអស់រយៈពេល៦ខែ រូបគាត់ទាំងពីរក៏បានឈានដល់ការស្រលាញ់គ្នាក្លាយជាស្នេហា ។បន្ទាប់មកទៀតនារីរូបស្រស់នោះ តែងតែពឹងពាក់ខ្ចីលុយរបស់ខ្លួន ដោយសារតែរូបគេបានជឿរទុកចិត្តទៅលើនារីជាសង្សារ ក៏តែងតែផ្ញើលុយឲ្យនាង ជាបន្តបន្ទាប់រាល់ពេលនាងត្រូវការ មិនថានាងត្រូវការលុយប្រកបរបររកស៊ី លុយទិញគ្រឿងអល័ង្ការ ; បង់រំលោះផ្ទះ និងតម្រូវការផ្សេងៗទៀតនោះទេ ដោយផ្ញើលុយអស់ចំនួន៣៦ដងមកហើយ សរុបជាទឹកប្រាក់ជិត២ម៉ឺនដុល្លារ និងទូរស័ព្ទស៊េរីទំនើប១គ្រឿងទៀត ។ មិនតែប៉ុណ្ណោះពួកគេទាំងពីរបានសន្យានឹងគ្នាថា នឹងភ្ជាប់ពាក្យក្រោយពេលដែល ភាគីខាងប្រុសត្រលប់មកពីប្រទេសកូរ៉េរវិញ ដោយពួកគេទាំងពីរនាក់បានស្រលាញ់គ្នា មកពេលពេលនេះអស់រយៈពេល១ឆ្នាំ២ខែហើយ ។ តែនៅពេលដែលរូបគេបានត្រលប់មកពីកូរ៉េវិញ ក៏បានឆាតទំនាក់ទំនងទៅនារីរូបនោះ តែនាងហាក់មានការប្រែប្រួល ដោយពុំសូវនិយាយស្ដីដូចពីមុន ហើយបានបិតហ្វេសបុករបស់ខ្លួន ចោលអស់ចំនួន៣ទៅ៤ អាខោន ទើបរូបគេដឹងថាចាញ់បោកនារីរូបនោះ ។

ប៉ុន្ដែទោះជាយ៉ាងណាករណីខាងលើនេះ គ្រាន់តែជាព័ត៌មានទទួលបានពីភាគីខាងបុរសតែប៉ុណ្ណោះ ដូច្នេះរឿងនេះជាការពិត ឬយ៉ាងណានោះសារព័ត៍មានយើងសូមឲ្យភាគីនារីរូបស្រស់ខាងលើបើសិនរឿងនេះមិនពិត អាចចេញមុខធ្វើការបកស្រាយផងដែរ ដើម្បីឲ្យដឹងការពិតទាំងអស់គ្នា ។

ជាចុងក្រោយបុរសឈ្មោះ សែម មករា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឬសមត្ថកិច្ចណា ដែលបានរកឃើញនារីរូបខាងដូចក្នុងរូបថតសូមទំនាក់ទំនងទៅកាន់គាត់បានតាមរយៈទូរស័ព្ទលេខ ០៩៦ ៧៤ ៦៦៦៦៦ រូបលោកនឹងជូនសាគុណចំនួន២ពាន់ដុល្លារ ៕ស តារា


ចែករំលែក៖