ព័ត៌មានទាន់ហេតុការណ៍៖

សញ្ញាវិជ្ជមានក្នុងសង្គ្រាមពាណិជ្ជកម្ម ក្រោយអាមេរិក និងចិនយល់ព្រម ដកថយក្រោយ​ម្នាក់មួយជំហាន

ចែករំលែក៖

សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន មានសញ្ញាឆ្ពោះទៅរកភាពល្អប្រសើរនឹងគ្នាវិញ  នៅក្នុងកិច្ចពិភាក្សា​ នាខែតុលា ខាងមុខ ដោយពេលនេះ ទាំងអាមេរិក និងចិនបាន សម្រេច ដកថយម្នាក់មួយជំហាន នៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះ​។

កន្លងមក ទីក្រុងប៉េកាំង បានប្រកាសថា នឹងបង្កើនការទិញផលិតផលកសិកម្មពីអាមេរិក  ហើយពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហ​រដ្ឋអា​មេរិកនឹង​ពន្យារ​ពេល​​ផែនការដំឡើងពន្ធ លើផលិតផលនាំចូលពីចិនមានតម្លៃ ២៥០ពាន់​លានដុល្លារ ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាវិញ។ ទាំងនោះ​ជាសញ្ញា​ដ៏ល្អបំផុត មិនធ្លាប់មានចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើយ។

នៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់​ដូច្នេះថា «ជាកាយវិការនៃចេតនាល្អយើងបានសម្រេចចិត្ត ពន្យារពេល​ការដំ​ឡើង​ពន្ធពី ២៥-៣០ភាគរយ លើទំនិញនាំចូលពីចិនមានតម្លៃ ២៥០ពាន់លានដុល្លារ ពីថ្ងៃទី០១ ខែតុលា ទៅថ្ងៃទី១៥ ខែតុលាវិញ»។

លោក ត្រាំ បន្ថែមថា ការពន្យារពេលផែនការដំឡើងពន្ធនេះ ធ្វើឡើងតបតាមសំណើរបស់ ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ (Liu He) និងដោយសារតែចិនត្រូវប្រារព្ធខួបលើកទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលាខាងមុខនេះ។

គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ ចិនក៏បានប្រកាសលើកលែងការយកពន្ធ លើផលិត​ផលនាំចូលពីសហរដ្ឋអាមេរិកចំនួន ១៦មុខ ដើម្បីសម្រួលដល់កិច្ចចរចាពាណិជ្ជកម្ម រវាង​ក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅដើមខែតុលា​ខាងមុខ​នេះក្នុងទីក្រុងវ៉ាស៊ីនតោន។

រដ្ឋាភិបាល​ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានប្រឈមមុខដាក់គ្នា នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម អស់រយៈពេលមួយឆ្នាំមកហើយ។ មហាយក្សសេដ្ឋកិច្ចលេខ១ (អាមេរិក) បានដំឡើង​ពន្ធបន្ថែមទៅលើមុខទំនិញ​នាំ​ចូល​ពី​ប្រទេសចិន មានតម្លៃជាង​៥០០ពាន់​លានដុល្លារអាមេរិក ហើយមហាសេដ្ឋកិច្ចយក្សលេខ២ (ចិន) ក៏បានដំ​ឡើងពន្ធគយ​ទៅលើទំនិញនាំចូលមកពីប្រទេសអាមេរិកផងដែរ។ ដោយ​សារ​តែ​មាន​ការតបត​ដាក់គ្នា​ទៅវិញ​ទៅមក មិនចេះចប់នោះ ទើបមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំង២នេះ នឹងចាប់ផ្ដើមមានគម្រោងចរចាគ្នាស្ដីពីពាណិជ្ជកម្ម នៅខែក្រោយនេះ៕


ចែករំលែក៖