ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមប្រឆាំងភេរវកម្មនៅហ្វីលីពីន កាន់តែជោគជ័យ ក្រោយសម្លាប់អ្នកឯកទេស​ផលិតគ្រាប់រំសេវ​

ចែករំលែក៖

ចាប់តាំងពីប្រធានាធិបតី  ​ហ្វីលីពីន Rodrigo Duterte  បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កងទ័ព​ហ្វីលីពីន​កម្ទេច​ក្រុម​ភេរវជន Abu Sayyaf ឲ្យ​អស់​ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ​អះអាងថា បើសិនជា​មិន​កម្ចាត់​ក្រុម​ប្រដាប់អាវុធ​នេះ ទេ ក្នុង​រយៈពេល​បី​ទៅ ៧​ឆ្នាំ ហ្វីលីពីន​អាច​នឹង​ឆ្លង​ជំងឺ​របស់​«​ភេរវជន​រដ្ឋ​ឥស្លាម​» ដែរ​។ វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ ព្រោះ​កាលពី​ខែមិថុនា ក្រុម​ប្រដាប់អាវុធ​នៅ​Mindanao នេះ​បានបង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ដែរ​។ លោក Duterte ក៏​សន្យាថា ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​កម្ចាត់​ក្រុម​ភេរវជន ដោយ​ធ្វើយ៉ាងណា​បំពាក់​សព្វាវុធ​ចាំបាច់​និង​ទំនើប​ដល់​កងទ័ព។​

រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ ក្រុម​ប្រដាប់អាវុធ Abu Sayaff បានធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ហ្វីលីពីន ហើយ​បង្ក​អសន្តិសុខ​ខ្លាំង​នៅក្នុង​ប្រទេស​។ ការចាប់​ជម្រិត កាត់​ក្បាល បង្ក​ឲ្យ​ប្រជាជន​ភ័យខ្លាច និង​បំផ្ទុះ​គ្រាប់បែក​ជា​ជំនាញ​និង​អត្ត​សញ្ញាញ​របស់​ក្រុម​ប្រដាប់អាវុធ​នេះ​។ ថ្វីបើ​វា​តូច​មែន តែបើ​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ វា​នឹង​រីក​ធំធាត់ និង​ចង​បណ្តាញ​ជាមួយ​ក្រុម​ភេរ​ជន​នៅក្រៅ​ប្រទេស​ដើម្បី​បង្កើត​សាខា​ថ្មី​ទៀត​។ ដូច​ឃើញស្រាប់​ហើយ កាលពី​ខែមិថុនា អង្គភាព​ប្រឆាំង​ភេរវកម្ម​ហ្វីលីពីន​បាន​អះអាងថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហបាន​ទទួលស្គាល់​ការប្រកាស​បង្ហាញ​ភក្តីភាព​របស់​ក្រុម  Abu Sayaff រួចហើយ​។ នេះ​មានន័យថា ពួកគេ​នឹង​អាចធ្វើ​សកម្មភាព​ក្រោម​ការណែនាំ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅពេល​ខាងមុខ​។​

នៅក្នុងការប៉ះទង្គិចគ្នា រវាងទាហានរដ្ឋាភិបាល និងក្រុម ភេរវករ  កម្លាំងទាហានហ្វីលីពីនបាន សម្លាប់​អ្នកឯកទេសផលិតគ្រាប់បែករបស់ក្រុម​ភេរវករដ៏​សំខាន់ម្នាក់។ អ្នកឯកទេសម្នាក់របស់ក្រុម Abu Sayyaf ដែលត្រូវបានសម្លាប់នោះ ឈ្មោះ Nanz Sawadjaan ហើយជននេះមានជំនាញផលិតគ្រាប់បែក​ និងឧបករណ៍ផ្ទុះ​ផ្សេងៗ​ទៀត​ជាច្រើន សម្រាប់វាយប្រហារ បំផ្ទុះគ្រាប់បែក ឬ វាយប្រហារអត្តឃាត ទៅលើទីតាំង​នានា​ក្នុងទឹកដីហ្វីលីពីន ក្នុងនោះមានការវាយប្រហារអត្តឃាត ពេលកន្លងមក ថ្មីៗ នៅក្នុងតំបន់ Sulu ផងដែរ។

អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីន កាលពីថ្ងៃទី​១១ ខែកញ្ញា បានបញ្ជាក់ថា កម្លាំង​សន្តិ​សុខ បានសម្លាប់អ្នកឯកទេសផលិតគ្រាប់បែក​​របស់ក្រុមភេរវករ​ Abu Sayyaf ​បានកើត​ឡើង ក្រោយការវាយប្រហារនៅក្នុងភូមិមួយដាច់ ស្រយាល​ស្ថិតនៅក្នុងខេត្ត​Sulu ​ភាគ​ខាងត្បូង ហ្វីលីពីន​។

ភេរវជន ត្រូវបានសម្លាប់នោះឈ្មោះ​ Nanz Sawadjaan ជាប្អូនប្រុសរបស់លោក​ Hajan Sawadjaan មេដឹកនាំក្រុមភេរវករ ​Abu Sayyaf  និងជាអ្នកឯកទេស ស្រាវជ្រាវផលិត​គ្រាប់បែក ។

មេបញ្ជាការកម្លាំងពិសេសរបស់ទាហានហ្វីលីពីន នៅខេត្ត​ Sulu ​បានបញ្ជាក់ថា ​ការស្លាប់​របស់ Nanz Sawadjaan គឺជាការបាត់បង់យ៉ាងធំធេង របស់ ក្រុមភេរវកម្ម​ Abu Sayyaf​ក៏ដូចជាប៉ះពាល់យ៉ាងខ្លាំង ដល់គម្រោងពង្រីកទីតាំងគ្រប់គ្រងរបស់ក្រុមនេះ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាម Abu Sayyaf បង្កើតឡើងក្នុងទសវត្សរ៍១៩៩០ ។ ក្រុមនេះ​ល្បី​ល្បាញ់​ពាសពេញពិភពលោកពីសកម្មភាពចាប់ជំរិតមនុស្សទាមទារប្រាក់លស់ និងកាត់​ក្បាល​ជនរងគ្រោះដែលជាចំណាប់ខ្មាំងមិនរើសមុខ ។

រដ្ឋាភិបាល​ហ្វីលីពីន បានបង្កើតកងពលទាហានពិសេសមួយដើម្បីបោសសម្អាតក្រុមឧទ្ទាម នៅតំបន់ភាគខាងត្បូងមួយនេះ ។ កន្លងទៅ ក្រុមឧទ្ទាម Abu Sayyaf ដែលបានវាយប្រហារ​គ្រាប់បែក២គ្រាប់ នៅព្រះវិហារសាសនា ក្នុងតំបន់ Jolo ខេត្តSulu សម្លាប់មនុស្ស២៣នាក់ និងជាង១០០នាក់រងរបួស ៕


ចែករំលែក៖