ការស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលថៃកន្លងមកទទួលរងការថ្កោលទោសយ៉ាងខ្លាំង ដោយការស្បថនោះមិនគ្រប់លក្ខណៈ។ ទាំងនោះហើយបានធ្វើឲ្យក្រុមប្រឆាំងក៏ដូចជាអង្គការសង្គមស៊ីវិលបានប្តឹងទៅតុលាការធម្មនុញ្ញ ។ ប៉ុន្តែ តុលាការធម្មនុញ្ញថៃច្រានចោលសវនាការករណីនាយករដ្ឋមន្ត្រី ចាន់អូចា ស្បថមិនពេញលក្ខណៈនោះ។
តុលាការរដ្ឋធម្មនុញ្ញប្រទេសថៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាស មិនធ្វើសវនាការចំពោះករណីចោទប្រកាន់នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ពីបទរំលោភលើរដ្ឋធម្មនុញ្ញ ដោយសារសូត្រពាក្យសម្បថមិនពេញលក្ខណៈតាមរដ្ឋធម្មនុញ្ញ នៅពីមុខព្រះភក្ត្រព្រះមហាក្សត្រ ព្រះមហាវេជីរ៉ា ឡុងកន នោះឡើយ ។
សេចក្តីថ្លែងការណ៍របស់តុលាការរដ្ឋធម្មនុញ្ញថៃបានបញ្ជាក់ថា តុលាការកង្វះខាតយុត្តាធិការ ពីព្រោះនេះ ជាបញ្ហាមួយរវាងស្ថាប័ននីតិប្រតិបត្តិ ហើយនិងព្រះមហាក្សត្រ ។ សេចក្តីថ្លែងការណ៍ដដែលនោះបញ្ជាក់ទៀតថា ព្រះមហាក្សត្របានចេញព្រះរាជសារមួយកាលពីចុងខែកន្លងហើយ ប៉ុន្តែកាលបរិច្ឆេទនៃថ្ងៃធ្វើសម្បថនោះ, បានជំរុញសមាជិកគណៈរដ្ឋមន្ត្រីបំពេញភារកិច្ចរបស់ខ្លួន ស្របទៅតាមសម្បថដែលពួកគេបានស្បថ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរងការចោទប្រកាន់ថា រំលោភរដ្ឋធម្មនុញ្ញ ដោយសារតែខកខានមិនបានធ្វើសម្បថពេញលេញ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៣៥រូបនៃគណៈរដ្ឋមន្ត្រីរបស់លោកបានសច្ចាចំពោះព្រះករុណាព្រះបាទ មហាវេជីរ៉ា ឡុងកន នៅពិធីមួយក្នុងវិមាននៅទីក្រុងបាងកក កាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៩ តែបានលុបចោលវគ្គចុងក្រោយ ដែលចែងថា ប្រកាន់ខ្ជាប់ និងដើរតាមរដ្ឋធម្មនុញ្ញ ។
លោក រ៉ាក់សាចេស្តា ឆែឆៃ ដែលជាអគ្គលេខានៃការិយាល័យ Ombudsman បានប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីថៃមិនបានសូត្រគ្រប់ពាក្យ ដែលរដ្ឋធម្មនុញ្ញតម្រូវទេ ដូច្នេះ ការស្បថនេះមិនពេញលេញ ។ លោកបន្ថែមថា តុលាការធម្មនុញ្ញនឹងសម្រេចថា តើអ្វីត្រូវធ្វើបន្ត ដោយសារតែការស្បថមិនគ្រប់នេះ មានន័យថា រាល់អំពើនៃរដ្ឋាភិបាលអាចត្រូវបានគេមើលឃើញថា អធម្មនុញ្ញ ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ បានបដិសេធមិនឆ្លើយនៅពេលត្រូវបានសួរអំពីការសម្រេចរបស់អង្គការវិន័យនេះ។
អង្គការ Ombudsmen ជាអង្គការមួយដែលតែងតាំងឡើងដោយព្រះមហាក្សត្រ តាមការណែនាំពីព្រឹទ្ធសភាថៃ។ អង្គការនេះ មានភារកិច្ចស៊ើបអង្កេតបណ្តឹងប្តឹងដោយសាធារណៈជន ប្រឆាំងមន្ត្រីសាធារណៈ និងបណ្តាទីភ្នាក់ងាររដ្ឋ ហើយវាមានអំណាចកាត់ទោស តែមិនអាចចាប់បង្ខំឲ្យអនុវត្តន៍សាលក្រមទេ ៕