ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ជាមួយអាមេរិក អាចចាប់ផ្តើម ក្រោយទីក្រុងវ៉ាស៊ីន​តោន លុបទណ្ឌកម្ម

ចែករំលែក៖

ប្រធានាធិបតីអ៊ីរ៉ង់ លោក  រ៉ូហានី បានបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនពិភាក្សាជាមួយអាមេរិក នោះ​ឡើយ ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោនមិនព្រម លុបទណ្ឌកម្មពីអ៊ីរ៉ង់នោះ ។ កាល​ពីថ្ងៃទី ១១ ខែកញ្ញា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគី បារាំង លោក​ Emmanuel Macron ប្រធានាធិបតីអ៊ីរ៉ង់ លោក  Hassan Rouhani ​បានបញ្ជាក់ថា រាល់កិច្ចពិភា​ក្សា​ជាមួយ​អា​មេរិក គឺជារឿង អត់ប្រយោជន៍ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនលុបទណ្ឌកម្មទៅលើអ៊ីរ៉ង់នោះ ។

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា  នឹង ជួបពិភាក្សាជាមួយ​ប្រ​ធានាធិបតី អ៊ីរ៉ង់ លោក រ៉ូហានី ដោយមិនចាំបាច់មានលក្ខខណ្ឌណាមួយនោះឡើយ ប៉ុន្តែ​អាមេរិកនៅតែដាក់គំនាប់ និងទណ្ឌកម្ម ដល់អ៊ីរ៉ង់ដដែល។ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់ បាន​តប​វិញថា កិច្ចពិភាក្សា គឺជារឿងអត់ប្រយោជន៍ បើអាម៉េរិកមិនលុបទណ្ឌកម្មទៅលើអ៊ីរ៉ង់នោះ ។

ប្រធានាធិបតីអ៊ីរ៉ង់​បានលើកឡើងថា ប្រសិនបើ កិច្ចព្រមព្រៀងជាមួយ​អ៊ឺរ៉ុប បានបញ្ចប់​ដោយជោគជ័យ នោះ​អ៊ីរ៉ង់នឹងបន្តរក្សាការសន្យាដែលមាននៅក្នុងកិច្ចព្រមព្រៀង កាល​ពីឆ្នាំ​២០១៥ រវាងប្រទេស អ៊ីរ៉ង់ និង ប្រទេស ៥+១ ក្នុងនោះមាន អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់​។ ប្រធានាធិបតី រ៉ូហានី បញ្ជាក់ទៀតថា កិច្ចពិភាក្សាជាមួយ​ប្រទេស ៥+១ នឹងអាចកើតឡើងលុះត្រា ទណ្ឌកម្មទាំងឡាយត្រូវបានលុបចោល ។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ប្រធានាធិបតីអ៊ីរ៉ង់ បានជំរុញ សមភាគីបារាំង លោកម៉ាក្រុង ឲ្យជួយសង្គ្រោះ ដល់កិច្ចព្រមព្រៀងបរមាណូ​កាលពីឆ្នាំ​២០១៥ ហើយបន្តរក្សាទំនាក់ទំនង សេដ្ឋកិច្ច​ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអឺរ៉ុប​។

កាលពីថ្ងៃទី​១១​ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ​  ក៏បានព្រមានដល់អ៊ីរ៉ង់ ពីការបង្កើនសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម។ ទន្ទឹមនឹងនោះ លោក ត្រាំ ក៏បានលើកឡើងថា អាមេរិក អាចនឹងលុបទណ្ឌកម្ម ជាការបើកផ្លូវ ដល់កិច្ចពិភាក្សា ជាថ្មីជាមួយអ៊ីរ៉ង់។

កន្លងមក​អ៊ីរ៉ង់​បង្ហាញពីក្តីសង្ឃឹម ថា​ក្រោយការដកតំណែងទីប្រឹក្សាសន្តិសុខ ជាតិអាមេរិក ដែលមានទស្សនៈប្រឆាំងអ៊ីរ៉ង់ ​លោក​ Bolton​ក្លាយជាក្តីសង្ឃឹម របស់អ៊ីរ៉ង់​ក្នុងការផ្សះ​ផ្សាទំនាក់​ទំនងជាមួយអាមេរិក ។

ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីស្រាអែល​ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានមានប្រសាសន៍ កាល​ពី​ថ្ងៃពុធ ទី១១ ខែកញ្ញា ម្សិលមិញថា អាម៉េរិក នៅតែប្រកាន់​ជំហរយ៉ាងម៉ឺង​ម៉ាតចំ​ពោះអ៊ីរ៉ង់ បើ​ទោះជាលោក ចន ប៊ូលតុន (John Bolton) ទីប្រឹក្សាសន្តិសុខជាតិរបស់​សហរដ្ឋអាម៉េរិក បានចាកចេញពីតំណែង​ក្ដី។

លោក ណេតាន់យ៉ាហ៊ូ  នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា បាន​​លើក​​ឡើង​ពី​ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រាប់ទូរ​ទស្សន៍ប៉ុស្តិ៍លេខ២០របស់អ៊ីស្រាអែលថា លោកគ្មានការសង្ស័យទេ នៅក្នុងស្ថានភាព​បែបនេះ គឺលោកប្រធានាធិបតី (ដូណាល់ ត្រាំ) និង រដ្ឋការ​របស់លោក មានភាពប្រាកដប្រជាជាមួយនឹងភាពតានតឹង នៅអ៊ីរ៉ង់។

សូមជម្រាបថា លោក ចន ប៊ូលតុន ត្រូវបានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ កាលពីមសប្តាហ៍នេះ។ នេះបើមន្រ្ដីសេត​វិមាន លោកស្រី ស្តេហ្វានី ហ្គីសាម បាន​ប្រាប់​ឲ្យ​ដឹងថា «លោកត្រាំ មិនចូលចិត្តនឹង​គោល​ន​យោ​បាយជាច្រើនរបស់លោក ប៊ូល តុន។ ម្យ៉ាងវិញទៀត គំនិតយោបល់របស់អ្នកទាំងពីរ មិនស្របគ្នា»។ បញ្ហានេះ​ក៏អាច​ជាកត្តាចម្បង​ដែលបណ្តាលឲ្យ​មានការ​បញ្ចប់​មុខ​តំណែង​របស់​​​លោក ជាទីប្រឹក្សាសន្តិសុខជាតិជាតិអាម៉េរិក។

ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ពិ​សេស​គឺកានាំប្រេងចេញក្រៅប្រទេស ដែលជាប្រភពចំ ចំបាច់បំផុតនៃសេដ្ឋកិច្ចជាតិ។​ កន្លង​មក​រដ្ឋាភិបាលទីក្រុងប៉េកាំង​បាន​ ប្រកាសថា​បន្តគាំទ្រអ៊ីរ៉ង់ ក្នុងនោះមានការទិញ​ប្រេង​ពីអ៊ីរ៉ង់​ជាដើម​ ដោយមិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។ ចិនបាន​ចាត់ទុកថា​នោះ​ជាការដាក់ទណ្ឌកម្ម​ឯកតោភាគី  មិនមែនទណ្ឌកម្មរបស់អង្គការសហ​ប្រជាជាតិ​នោះឡើយ​ ដូច្នេះចិន មិនគោរពតាមឡើយ។

ជាមួយគ្នានេះ អ៊ីរ៉ង់បានស្នើដល់ប្រទេសឥណ្ឌា ឲ្យ​តភ្ជាប់នូវការទិញប្រេងពីអ៊ីរ៉ង់ ឡើងវិញ​ ក្រោយការផ្អាក អស់រយៈពេលជាច្រើនខែ បណ្តាលមកពីសម្ពាធ ទណ្ឌកម្មរបស់អាម៉េរិក​។

មានប្រសាសន៍នៅក្នុង វេទិកាដែលរៀបចំឡើង ដោយសមាគមអ្នកសារព័ត៌មាន​​ឥណ្ឌា នៅទីក្រុងញូវដេលី ​ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅប្រទេសឥណ្ឌា លោក​ Ali Chegeni ​បានស្នើដល់រដ្ឋាភិបាលឥណ្ឌា ឲ្យ​បន្ត​ទិញប្រេង​ពីអ៊ីរ៉ង់។ ផ្ទុយទៅវិញ អ៊ីរ៉ង់បង្កើនការទិញផលិតផលកសិកម្មរបស់ឥណ្ឌា ក្នុងនោះមាន​​សណ្តែកសៀង អង្ក​រ Basmati ពីប្រទេសឥណ្ឌា។  ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បាន​បន្តទៀតថា ប្រសិនបើឥណ្ឌា​មិនទិញប្រេងពីអ៊ីរ៉ង់ នោះទេ​  រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ អាចនឹងទិញផលិតផលិតទាំងពីរប្រភេទខាងលើ​ ពីប្រទេសផ្សេងវិញ​។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ លោក Ali Chegeni បានបញ្ជាក់ថា  ឥណ្ឌា និង អ៊ីរ៉ង់ គឺជាមិត្តដ៏ល្អ​​ ហើយមានប្រវត្តិសាស្ត្រទំនាក់ទំនងគ្នាជាយូរអង្វែងណាស់មកហើយ​។ លោក បាន​បន្តទៀតថា ឥណ្ឌា​ក៏បានយល់ឃើញថា ​ការ​ដាក់​ទណ្ឌកម្ម​មកលើវិស័យប្រេងរបស់អ៊ីរ៉ង ពីសំណាក់អាម៉េរិក គឺជាទណ្ឌកម្មឯកតោភាគី​។ នេះមិនមែន ជាការសម្រេចរបស់អង្គការសហប្រជាជាតិនោះឡើយ។  ដូច្នេះឥណ្ឌាមិនចាំបាច់គោរពច្បាប់ទណ្ឌកម្មរបស់អាម៉េរិក ដោយឈប់ទិញប្រេងពីប្រទេសអ៊ីរ៉ង់ នោះឡើយ ។

វិស័យពាណិជ្ជកម្ម រវាងឥណ្ឌា និង អ៊ីរ៉ង់ មានទឹកប្រាក់ រហូតដល់ទៅ​១៣ពាន់លានដុល្លារ គិតចាប់តាំងពីដើមឆ្នាំ រហូត​មកទល់ពេលនេះ​។ ប៉ុន្តែពាណិជ្ជកម្មរវាងប្រទេសទាំង២នេះ បានធ្លាក់ចុះ ក្នុង​រយៈ​ពេល​ចុងក្រោយនេះ ដោយសារតែឥណ្ឌា ផ្អាកទិញប្រេងពីប្រទេសអ៊ីរ៉ង់​ តាមសំណើរបស់អាម៉េរិក​៕


ចែករំលែក៖