ព័ត៌មានទាន់ហេតុការណ៍៖

ជ្រូកងាប់ដោយសារបញ្ហាអាកាសធាតុ! នេះបើតាមការអះអាងរបស់លោកព្រំវិចប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ មានប្រជាពលរដ្ឋចំនួនពីរឃុំក្នុងស្រុកជីក្រែង(ឃុំគោកធ្លកក្រោមនិងឃុំសង្វើយ)ព្រួយបារម្មណ៍ពីជ្រូករបស់ពួកគាត់បានងាប់ជាបន្តបន្ទាប់ទាំងមិនដឹងមូលហេតុ ក្នុងករណីនេះមន្ត្រីបសុពេទ្យបញ្ជាក់ថា មន្ត្រីជំនាញកំពុងចាត់វិធានការទប់ស្កាត់ហើយ។

លោក ស៊ឹម សាន់ ជាកសិករចិញ្ចឹមជ្រូក នៅភូមិព្រៃប្រស់ ឃុំសង្វើយ បានឲ្យដឹងថា ពលរដ្ឋរស់នៅភូមិព្រៃប្រស់ ប្រមាណជិត២០០គ្រួសារ បាននាំគ្នាចិញ្ចឹមជ្រូក ក្នុងនោះពលរដ្ឋខ្លះបានខ្ចីប្រាក់ពីអង្គការ (ធនាគារ) យកមកធ្វើជាដើមទុន ចិញ្ចឹមជ្រូកព្រោះ តែសង្ឃឹមថា វានឹងបានផលមកវិញ ប៉ុន្តែប្រមាណជា៥ទៅ៦ថ្ងៃមុននេះ ស្រាប់តែមានករណីជំងឺចម្លែកកើតឡើង ធ្វើឲ្យសត្វជ្រូករបស់អ្នកភូមិបានងាប់បន្តបន្ទាប់គ្នា ស្ទើរផុតពូជអស់ពីភូមិ គឺ(ឈឺភ្លាមងាប់ភ្លាម)។

ចំណែកអ្នកស្រីសុខ លី ពលរដ្ឋនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ក៏បានអោយដឹងដែរថា កាលពី៣ទៅ៤ថ្ងៃមុន ជ្រូករបស់គាត់ចំនួន៤ក្បាល ក្នុងចំណោម១២ក្បាល បានងាប់ទាំងមិនដឹងមូលហេតុអ្វីទាំងអស់ អត់មានចេញកន្ទួល ចេញស្នាមអីទេ ពីល្ងាចស៊ីបាយធម្មតា ស្រាប់តែព្រឹកឡើងក៏ងាប់”។

មេភូមិបាក់អង្រុត លោកសួង ស៊ិត សម្តែងការសង្ស័យថា សត្វជ្រូករបស់ពួកគាត់អាចនឹងឆ្លងជំងឺអ្វី នៅពេលណាមួយ ទោះលោកខំបាចកំបោរ បាចអំបិលការពារខ្លាចឆ្លងតែវានៅតែងាប់ដដែល សូម្បីតែឮថាជ្រូកអ្នកភូមិងាប់ ក៏មិនហ៊ានទៅមើលផង ព្រោះខ្លាចឆ្លងមកសត្វរបស់ខ្លួន។

ជុំវិញករណីនេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានថ្លែងថា រឿងនេះខាងលោកទទួលបានដំណឹង៤ទៅ៥ថ្ងៃ ហើយ ខណ:នេះខាងជំនាញ ក៏បានចុះយកសំណាកសាច់សត្វទាំងនោះទៅធ្វើពិសោធន៍រួចហើយ តែមិនទាន់ដឹងលទ្ធផលនៅឡើយ លោកបន្តថា ពេលនេះ មន្ត្រីរបស់លោក បានចុះអប់រំ ផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានជ្រូកមានជំងឺ ឲ្យពួកគាត់បានយល់ដឹងអំពីវិធានការការពារ និងសង្គ្រោះសត្វចិញ្ចឹមរបស់ពួកគាត់ជាបឋមហើយ ។​

រហូតមកដល់រសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៩នេះលោក ព្រំវិច បានបញ្ចាក់ថា លោកកំពុងស្ថិតនៅស្រុកជីក្រែងនៅឡើយ កំពុងតែតាមដាន់ស្ថានភាព ជ្រូកងាប់នេះ តែជាក់ស្ដែងពុំមានជ្រូកងាប់ដល់ទៅរាប់រយក្បាលទេ គឺងាប ខ្លះ មួយផ្ទះ ២ ក្បាល ផ្ទះខ្លះ ១ក្បាល  តែប៉ុណ្ណោះ ម្យ៉ាងជ្រូកដែលងាប់នោះបណ្ដាលពីអាកាសធាតុ! បណ្ដាលមកពីភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃធ្វើអោយជ្រូកកើតជំងឺស្រ្ដេស ឬ អន់អាហារ  ហើយម្ចាស់បានចាប់លក់ ដោយសារជិតបុណ្យ ភ្ជំបិណ្ឌ ផងនោះ​៕ ប៊ុនរិទ្ធី


ចែករំលែក៖