ខេត្តពោធិ៍សាត់៖ យុវជនម្នាក់រត់ឡើងលើផ្ទះចងព្យួកធ្វើអត្តឃាតបានសម្រេច ខណៈដែលសាច់ញាតិសង្ស័យអាចតូចចិត្តខ្លួនមានជំងឺ(ឈឺក្បាល) ប៉ុន្តែទោះជាយ៉ាងណាក្ដីអ្នកភូមិផងរបងជាមួយមានចំង៉ល់ គ្រាន់តែឈឺងឺក្បាលសោះដល់ថ្នាក់ធ្វើអត្តឃាតចងព្យួក ។
ហេតុការណ៍ចងព្យួកធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សុឹម សុរម្យ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិ.ឃុំកើតហេតុ បងស្រីបង្កើត និងម្ដាយជនរងគ្រោះបានលើកឡើងប្រាប់សមត្តកិច្ចថា ជនរងគ្រោះ(សុឹម សុរម្យ)ប៉ុន្មានខែមុនធ្លាប់ទៅធ្វើជាព្រូរថយន្ត លុះបន្ទាប់មកចេះតែត្អូញឈឺក្បាលជាប្រចាំ ។
ប្រភពដដែលបន្តទៀតថា ករណីធ្វើអត្តឃាតដោយក្រម៉ាចងព្យួកទៅផ្ទោងលើផ្ទះបណ្ដាលឲ្យស្លាប់នេះ សមត្ថកិច្ចជំនាញកោសល្យវិច្ចៃចុះពិនិត្យ និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ផងដែរ មុននឹងធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន