ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទៀតហើយៗ! ចាប់ខ្លួនអ្នកលក់សាច់សត្វព្រៃ ២នាក់ ដកហូតសាច់ជិត ២០០គីឡូក្រាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពិតមហាសំបូរទៅដោយបទល្មើសមែន នៅខេត្តពោធិ៍សាត់ ជាក់ស្ដែងកម្លាំងសហការរួមមាន.កងរាជអាវុធហត្ថស្រុក.ខេត្ត.លើផ្ទៃប្រទេស និងអង្កការវ៉ាយអេត ចុះបង្រាបការចរាចរណ៍សាច់សត្វព្រៃខុសច្បាប់ ឃាត់ចាប់ខ្លួនអ្នកលក់ ២នាក់រួមទាំងវត្ថុតាង(សាច់)ជិត ២០០គីឡូក្រាម ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនតាមនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចអាហារដ្ឋានយីហោ(កាង ហេវ) និង(ស្រីឡា) ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាុធហត្ថស្រុកវាលវែង ម្ចាស់អាហារដ្ឋានយីហោ(កាង ហេវ)ត្រូវបានកម្លាំងឃាត់ចាប់ខ្លួនទី១ ឈ្មោះ យាយ ហេវ និងទី២ ម្ចាស់អាហារដ្ឋានយីហោ(ស្រី ឡា)ឈ្មោះ កាង ឡា អ្នកទាំង ២នាក់ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ ។

ប្រភពខាងលើបន្តថា លទ្ធផល៖ កម្លាំងដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន សាច់កាំប្រម៉ាចំនួន ៥៧គីឡូក្រាម សាច់កេះចំនួន ០៩គីឡូក្រាម សាច់ជ្រូកព្រៃចំនួន ៦៨គីឡូក្រាម សាច់ឈ្លូសចំនួន ២៨គីឡូក្រាម សាច់កន្ធាយចំនួន ០៨គីឡូក្រាម សាច់ត្រកួតចំនួន ២,៥គីឡូក្រាម សាច់សរុបទាំងអស់ចំនួន ១៧២,៥គីឡូក្រាម ។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាម្ចាស់អាហារដ្ឋានទាំងពីយីហោ ដែលជាប់ពាក់ព័ន្ធករណីសាច់សត្វព្រៃត្រូវឃាត់ចាប់ខ្លួន រួមទាំងវត្ថុតាងសាច់សត្វព្រៃសរុបចំនួន ១៧២,៥គីឡូក្រាម បញ្ជូនទៅបន្តនីតិវិធីនៅស្នាក់ការអង្កវ៉ាយអេត ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្ត ៕ បុឹម ពិន


ចែករំលែក៖