ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបនាំចូលសាច់ជ្រូកខូចគុណភាពខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សាច់ជ្រូកខូចគុណភាពល្មើសច្បាប់ដឹកតាមរថយន្ត១គ្រឿង ពីប្រទេសថៃមកកម្ពុជា ត្រូវបានមន្ត្រីបសុពេទ្យ សហការជាមួយមន្ត្រីគយចល័តខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បាន កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសាលាក្រហម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមសារាចរលេខ០៧ របស់រដ្ឋបាល ស្តីពីវិធានការទប់ស្កាត់ការនាំចូលជ្រូកសាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទប់ស្កាត់ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) និងក្រោយទទួលបានសេចក្តីរាយការណ៍ ពីការលួចនាំចូលដោយខុសច្បាប់នូវផលិតផលសាច់ជ្រូក គ្រឿងក្នុងជ្រូក មន្ត្រីរបស់លោកបានរួមសហការជាមួយ មន្ត្រីសាខាគយខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0986 ដែលបានដឹក សាច់ជ្រូក គ្រឿងក្នុងជ្រូក ចំនួន០៩កេស ស្មើនឹង៤៩៥គីឡូក្រាម ដែលការលួចដឹកនេះ វាខុសនឹងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេស វាផ្ទុយពីសរាចរលេខ០៧ របស់រដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចទី២ ដែល បានកំណត់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ធ្វើចត្ថាឡីស័កឃាតទុក ឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ដែលលួចនាំចូលដោយខុសច្បាប់ ទៅតាមវិធានការបសុព្យាបាល និងបទដ្ឋានបច្ចេកទេស ។

លោកបញ្ជាក់ថា បទល្មើសនេះមិនអាចលើកលែងបានទេ ពោលគឺ ត្រូវធ្វើការដុតកម្ទេចចោល ទើបលោកដឹកនាំមន្ត្រីជំនាញរបស់លោក ដោយមានការចូលរួមពីសំណាក់ មន្ត្រីគយ នគរបាល និងមន្ត្រីអាវុធហត្ថ ធ្វើការដុតកម្ទេចចោលនូវសាច់ជ្រូក គ្រឿងក្នុងជ្រូក ទាំងនោះនៅចំណុចភូមិខ្លាកូនចាស់ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តែម្តង ៕សំ​ វិច្ឆិកា


ចែករំលែក៖