ប្រទេសថៃ ៖ តាមប្រភពពីប្រទេសថៃ បានឲ្យដឹងថា រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១២ព្រឹកថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ដោយគេសង្ស័យថា ជាពលករខ្មែរផងដែរ។
បើតាមមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់តាមទូរស័ព្ទថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តស្រះកែវ ពិតមែន។
ប្រភពនោះបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តដឹកពលរដ្ឋខ្មែរពណ៌សមួយគ្រឿងបានត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់ដឹងថា ចូលប្រទេសថៃដើម្បីរកទិញអីវ៉ាន់ឬ ដើរកម្សាន្តយ៉ាងណានោះទេ។ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតពណ៌ទឹកប៊ិច ជិះមកពីទិសដៅបញ្ច្រាស់គ្នា បានបែកកង់រួចរេចង្កូតទៅបុករថយន្តដឹកពលរដ្ឋខ្មែរពេញទំហឹងតែម្តង បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់ ។
មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់នោះបានប្រាប់ជាព័ត៌មានបឋមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានមនុស្ស៥នាក់ ក្នុងនោះក៏មានអ្នកបើកបររថយន្តម្នាក់ផងដែរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានមនុស្សរបួសធ្ងន់-ស្រាល៧នាក់ទៀត ។
ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ រីឯសាកសពមនុស្ស៥នាក់ ត្រូវបាន ពេលនេះមន្ត្រីស្ថានកុងស៊ុលប្រចាំខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅដល់កន្លែងកើតហេតុហើយផងដែរ៕ ប្រាថ្នា