ព័ត៌មានទាន់ហេតុការណ៍៖

សាកសពនារីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកក្នុងសភាពស្អុយរលួយនៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ក្នុងសភាពស្អុយរលួយ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចកំពង់ទឹកក្រោយវត្តឥន្ទលីបូណ៌ ស្ថិតក្នុងភូមិពុកឫស្សីកណ្តាល  ឃុំពុឫស្សី  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សាកសពនារីរងគ្រោះឈ្មោះ អ៊ុន ស្រីនិច អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពមួយអណ្តែតទឹកមកទើរនៅកំពង់ទឹកក្រោយវត្តឥន្ទលីបូណ៌ ភ្លាមនោះក៏ផ្អើលឆោឡោ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក៏រាយការណ៍បន្ដទៅកម្លាំងនគរបាលជំនាញស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,មេភូមិ ,គ្រូពេទ្យ រួចធ្វើការពិនិត្យសាកសពឃើញថា សាកសពជាមនុស្សស្រី អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺត ដៃវែង ពណ៌ក្រហម ពាក់អាវទ្រនាប់ ពណ៌ទឹកដោះគោ ស្លៀកខោយឺត ចង្កេះកៅស៊ូ មានឆ្នូតពណ៌សពីរ(ខោកីឡា) មានកម្ពស់១,៥២ម៉ែត្រ មានពាក់ខ្សែអំបោះ ពណ៌ក្រហម មានកថានៅកដៃខាងឆ្វេង មានពាក់ខ្សែចង្កេះ ពណ៌សកថា នៅក្នុងហោប៉ៅខាងស្តាំ មានលុយ២៥០០រៀល និងអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ មួយសន្លឹក ដែលមានឈ្មោះ អ៊ុន ស្រីនិច ភេទស្រី  មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិព្រៃស្រឡៅ  ឃុំត្រពាំងព្រះ  ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ដោយឡែកសាកសពមានសភាពសភាពស្អុយរលួយ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

ប្រភពដដែលបន្ដថា បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័យចប់ និងដឹងអត្ដសញ្ញាណរួចហើយ សមត្ថកិច្ចជំនាញបានធ្វើការទំនាក់ទំនងទៅសាច់ញាតិនារីរងគ្រោះ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ប្រភពដដែលបានបន្ដទៀតថា បន្ទាប់សាច់ញាតិជនរងគ្រោះបានមកយកសពរួច ស្រ្ដីឈ្មោះ អ៊ុន សុមាលី អាយុ៣៧ឆ្នាំ ត្រូវជាបងស្រីនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា សាកសពនេះ ពិតជាប្អូនរបស់ខ្លួនឈ្មោះ អ៊ុន ស្រីនិចប្រាកដមែន ដែលនារីរងគ្រោះជាប្អូនបានលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៥និង៤០នាទី នៅចំណុចស្ពានគីសូណា ខេត្តកំពង់ចាម ពិតប្រាកដមែន ដោយការលោតទឹកសម្លាប់ខ្លួននេះ គឺពុំដឹងមកពីមូលហេតុអ្វីនោះទេ ៕ ស្អាង​ជ័យ​


ចែករំលែក៖