ព័ត៌មានទាន់ហេតុការណ៍៖

កម្ទេចឧបករណ៍នេសាទ និងធ្វើកិច្ចសន្យាបញ្ឃប់ការនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះបង្រាបបទល្មើសធនធានធម្មជាតិ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងជាក់ស្ដែង និងបានធ្វើកិច្ចសន្យាបញ្ឃប់ការនេសាទ ខុសច្បាប់ស្ដីពីជលផលមួយចំនួនផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប (ច្រើនចំណុច) ស្ថិតក្នុងភូមិសាស្ត្រឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ មាស ប៊ុនធឿន នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងអនុវត្តន៍បានរួមមាន របាំងស្បៃមុងចំនួន ០៦ខ្សែ ស្មើនឹងប្រវែងចំនួន ២៩០០ម៉ែត្រ លូកងស្បៃមុងចំនួន ០៤មាត់ របាំងសាច់អ៊ួនក្រឡាញឹកចំនួន ០៦ខ្សែ ស្មើនឹងប្រវែងចំនួន ៣៥០០ម៉ែត្រ ក្បាលបរចំនួន ០៥គ្រឿង បង្គោលចម្រឹងចំនួន ៥៩០ដើម ចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិចំនួន ២៩៥គីឡូក្រាម ចំពោះជនប្រព្រិត្តបទល្មើសនេសាទខាងលើគេចខ្លួន ។

លោក វរសេនីយ៍ទោ បន្តទៀតថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើ កម្លាំងបានធ្វើកិច្ចសន្យាបញ្ឃប់ការនេសាទខុសច្បាប់ស្ដីពីជលផលបានមួយចំនួនផងដែរ នេះជាលទ្ធផលជាបឋមខណៈកម្លាំងនៅបន្តសកម្មភាពយ៉ាងមមាញឹកនៅឡើយនោះ ៕ បុឹម ពិន


ចែករំលែក៖