ខេត្តព្រៃវែង ៖ កុមារីអាយុ១៣ឆ្នាំម្នាក់(កូនប្តីដើមរបស់ប្រពន្ធ)ត្រូវឪពុកចុងចាប់នាងរំលោភរហូតបានសម្រេច ហើយបានធ្វើការគំរាមមិនឱ្យនាងយករឿងនេះទៅប្រាប់ម្តាយ ឬសាច់ញាតិទៀត បើមិនដូច្នេះទេ គេនឹងសម្លាប់ចោល ។ ប៉ុន្តែ ទង្វើស្មោគគ្រោករបស់ឪពុកចុងម្នាក់នេះ មិនអាចលាក់បាំងបាន ព្រោះម្តាយមានការសង្ស័យលើកូនស្រីមានភាពស្លេកស្លាំងខុសប្លែកពីធម្មតា ក៏បានសួរដេញដោលទើបបែករឿងរ៉ាវ ឈានដល់ម្តាយទៅប្តឹងនគរបាលឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា កុមារីរងគ្រោះមានអាយុ១៣ឆ្នាំ មានម្តាយអាយុ៣៣ឆ្នាំ ចំណែកឪចុងចិត្តអប្រិយឈ្មោះអឹម សុផាន់ណារិទ្ធ អាយុ៤៩ឆ្នាំ មានទីលំនៅក្នុង ភូមិអន្លង់រាជ្យ ឃុំនិងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ហេតុការណ៍នេះបានកើតមានឡើងកាលពីយប់ ថ្ងៃ ពុធ ១៣កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅវាលស្រែក្រោយផ្ទះក្នុងភូមិ ឃុំ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា ក្រោយកើតហេតុបានមួយថ្ងៃ ស្ត្រីឈ្មោះផន សារឹម អាយុ៣៤ឆ្នាំ រស់នៅចំណុចកើតហេតខាងលើ បានទូរសព្ទ័ប្តឹងមកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្របែកថា ប្តីចុងឈ្មោះ អឺម សុផាន់ណារិទ្ធ អាយុ៣៥ឆ្នាំ បានចាប់រំលោភកូនស្រីរបស់ខ្លួន អាយុ១៣ឆ្នាំ ខណៈពេលដែលទៅដើរឆ្លុះត្រីពេលយប់ នៅតាមវាលស្រែខាងក្រោយផ្ទះ ២នាក់ឪពុកនិងកូន ។ ដោយឃើញកូនស្រីមានភាពស្លេកស្លាំងខុសប្លែកពីធម្មតា គាត់បានសួរដេញដោលទើបបែករឿងរ៉ាវ ឈានដល់ប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីគម្រក់នេះតែម្តងទៅ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិកំពង់ត្របែក បានចុះទៅឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនៅប៉ុស្តិ៍ហើយជនសង្ស័យក៏បានឆ្លើយសារភាពថា «រូបគេពិតជាបានធ្វើសកម្មភាពដូចការចោទពិតមែន» ទើបកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកចាត់ការបន្ត៕ ប្រាថ្នា