ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីលោកតាវ័យ៨២ឆ្នាំម្នាក់ កំពុងតែជិះរ៉ឺម៉កម៉ូតូសុខៗស្រាប់តែខ្យល់គរស្លាប់ ធ្វើឲ្យអ្នករត់រ៉ឺម៉កភ័យទម្លាក់គាត់ចុះរួចជិះទៅបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ភ្លាមៗ ។
ករណីមនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះឡោះ សាឡេះ ភេទប្រុស អាយុ៨២ឆ្នាំ ទីកន្លែងស្នាក់នៅក្រុម៨ ភូមិ១១ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកតារងគ្រោះ បានជិះរ៉ឺម៉កម៉ូតូមួយគ្រឿងមិនដឹងថាមកពីទីណានោះទេ ស្រាប់តែមកដល់ចំណុចកើតហេតុស្រាប់តែគាត់មានអាការៈមិនស្រួលខ្លួន ។ភ្លាមនោះអ្នករត់រ៉ឺម៉កក៏បានឈប់អែបចិញ្ចើមផ្លូវរួចដាក់គាត់ចុះ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយធ្វើចលនាបេះដូង ប៉ុន្តែអកុសលគាត់បានស្លាប់បាត់ទៅហើយ រួចក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យសពជាក់ស្តែងតែម្តង ។ ចំណែកឯ អ្នករត់រ៉ឺម៉កក្រោយពីទំលាក់ជនរងគ្រោះហើយ គាត់ក៏ជិះទៅបាត់ ។
ក្រោយកើតហេតុកម្លាំងជំនាញ បានបង្កើតគណៈកម្មការត្រួតពិនិត្យសពឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន និងស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី